ផ្ទះ​បាយ​ទំនើប

បច្ចុប្បន្ន​ក្នុងសង្គម​មានការ​ផ្លាស់ប្ដូរ​កាន់តែ​ច្រើន ជា​ពិសេស​ការប្រើ​ប្រាស់​ឧបករណ៍។ ទីក្រុង​ជាកន្លែង​ដែលមាន​សេដ្ឋកិច្ច រីក​ចម្រើន មាន​អគ្គិសនី ក្នុង​គ្រួសារ​នីមួយៗ​បានចាប់​ផ្ដើមប្រើ​របស់​របរ​ទំនើប​ជាងមុន សូម្បី​តែក្នុង​ផ្ទះបាយ។ ក្នុងផ្ទះ​បាយដែល​មាន ការរៀប​ចំល្អ មាន​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ នោះគឺ​ជាផ្ទះ​បាយ​ទំនើប។ ផ្ទះបាយ​ទំនើប​ចូលរួម​ជួយ​សម្រួល​ច្រើនលើ​ពេលវេលា នាំឱ្យ​មាន​របៀប​រៀប​រយល្អ និងមាន​សុវត្ថិភាព​កាន់តែ​ខ្ពស់ថែម​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់ថា ផ្ទះបាយ​ទំនើប​មានការ​រៀបចំ​ដូចម្ដេច មាន​សុវត្ថិភាព​យ៉ាងណា​នោះ លោក អង់ សុគន្ថា​ប្រធាន​ផ្នែក​ទីផ្សារ​នៃក្រុម​ហ៊ុនម៉ូ​បាល់ប៉ា នឹង​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន​ជ្រាបជា​ព័ត៌មាន​តាមរយៈ​ទស្ស​នាវដ្ដី​សុខភាពយើង។

ផ្ទះបាយ​ទំនើប

ប្រាកដ​ណាស់​ដែលផ្ទះ​បាយ​ទំនើប​មាន​លក្ខណៈ​ខុសដោយ​ឡែកពី​អ្វីដែល​យើងធ្លាប់​ប្រើប្រាស់​តាម​របៀប​សាមញ្ញ​ៗតៗ​គ្នាពីមុន​ដូចជា​ការប្រើ​ជ័រ​បង្កាត់​ភ្លើង ធ្យូង ប្រើអុស ប្រើ​ចង្ក្រាន​ដីដើម្បី​ដណ្ដាំ​ស្លជា​ដើម។ ផ្ទះបាយ​ទំនើប​សំដៅ​ទៅដល់​របស់​របរ​ទំនើប​ដែល​ប្រើប្រាស់​ក្នុងផ្ទះ​បាយ។

  • ឧបករណ៍​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​មាន​លក្ខណៈ​ស្របតាម​បទដ្ឋាន​អន្ដរ​ជាតិដែល​មានការ​រីក​ចម្រើន​ដូចជា​ចង្ក្រាន​បាយ ប្រើហ្គាស ឆ្នាំង​អគ្គិសនី​ដាំស្ល ឡអាំង​សាច់ ឬដុត​នំដោយ​ប្រើប្រព័ន្ធ​អគ្គិសនី ឧបករណ៍​ម៉ៃក្រូ​វេវ​សម្រាប់​កម្ដៅ​អាហារ​កម្ដៅ​សាច់ ជាដើម ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្ដិ
  • មាន​អនាម័យ​នៅផ្ទះ​បាយ ដូចជា​មិនមាន​ផ្សែង​ធ្យូង ឬអុស​ហុយ គ្មានផេះ មិន​ពិបាក​ផ្លុំ​ប្រឡាក់​មុខមាត់​មិន​ប៉ប៉ិច​ប៉ប៉ាច់ ងាយ​ស្រួលក្នុង​ការជូត​សម្អាត
  • ចំណាយ​ពេលខ្លី​ក្នុងការ​ចម្អិន​អាហារ
  • មានទូ​ទឹកកក​ដែលជា​ឧបករណ៍​រក្សាទុក​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​ឱ្យបាន​ល្អ មិនឆាប់​ខូច
  • មាន​កន្លែង​ដុសលាង​ស្រួល និង​ត្រឹមត្រូវ
  • មាន​កន្លែង​ទុកដាក់​របស់​របរ​ប្រើប្រាស់ ងាយ​ស្រួលយក​មក​ប្រើវិញ មាន​របៀប​រៀបរយ
  • មាន​អគ្គិសនី​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់
  • អាចជា​កន្លែង​កម្សាន្ដ​បាន ព្រោះផ្ទះ​បាយមិន​ធុំក្លិន​ស្អុយ​ឆ្អេះឆ្អាប។

ផល​ប្រយោជន៍​ផ្ទះបាយ​ទំនើប

  • ចំណេញ​ពេលវេលា ៖ លោកអ្នក​អាច​ចំណាយ​ពេលតិច​ក្នុងការ​ចម្អិន​អាហារ​ព្រោះថា​លោកអ្នក​មិនចាំ​បាច់​ចំណាយ​ពេល បង្កាត់​ភ្លើង រកអុស​ឬធ្យូង​ឡើយ។
  • មាន​អនាម័យ​ល្អ ៖ នៅក្នុង​ផ្ទះបាយ​គ្មាន​ធូលីធ្យូង គ្មានផេះ គ្មានការ​គរអុស​បម្រុងទុក​គ្មាន​ជម្រក​នៃសត្វ​ល្អិតចង្រៃ ងាយលាង​សម្អាត អាចឱ្យ​លោកអ្នក​មានសុខ​ភាពល្អ។
  • មានផា​សុកភាព ៖ មិន​ចង្អៀត គ្មានក្លិន​អាក្រក់ នៅផ្ទះ​បាយមាន​លក្ខណៈ​ស្រឡះ​ល្អ​លោកអ្នក​អាច​អង្គុយ​លេង​ធ្វើនេះ ធ្វើនោះ​នៅផ្ទះ​បាយបាន។

របៀប​ថែរក្សា​ផ្ទះបាយ​ទំនើប

នៅក្នុង​គេហ​ដ្ឋាន​របស់​លោកអ្នក ក្រៅអំពី​ការចេះ​តុបតែង​ចេះរៀប​ចំទុក​ដាក់​របស់​របរ​ប្រើប្រាស់​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​និងបន្ទប់​គេងឱ្យ​បាន​ស្អាតបាត​ហើយនោះ ផ្ទះ​បាយក៏​គួរយក​ចិត្ដទុក​ដាក់​សម្អាត និងរៀប​ចំផង​ដែរ។ លោកអ្នក​គួរបោស​ជូត​សម្អាត​ឱ្យ បានញឹក​ញាប់ ពិសេស​ក្រោយពេល​ចម្អិន​អាហារ​រួចរាល់។ ម្យ៉ាង​ទៀតគួរ​ស្គាល់ពី​ផលិត​ផលនោះ​ឱ្យបាន​ច្បាស់​លាស់មុន​នឹងប្រើ ព្រោះ បើមិន​ចេះ​របៀប​ទុកដាក់ និង​របៀប​ប្រើអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់ និងឆាប់​អន្ដរាយ​វត្ថុនោះ។ ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួនត្រូវ តែសម្អាត​ឱ្យបាន​ឆាប់​ក្រោយ​ពេល​ចម្អិន ដូចជា​ឡអាំង​សាច់ ឬដុត​នំជា​ដើម ព្រោះបើ​ផ្អាប់ទុក​យូរពេក អាចមាន​ផលមិន​ល្អ។ ឧបករណ៍ ប្រើប្រាស់​ទាំងឡាយ​ដែលងាយ​បង្កគ្រោះ​ថ្នាក់ គួរទុក​ដាក់ឱ្យ​ផុតពី​ដៃក្មេង​ដូចជា​ធុង​ហ្គាស ឡចម្អិន​សាច់ជា​ដើម។

ផល​ប៉ះពាល់​បង្កដោយ​ផ្ទះបាយ​ទំនើប

គ្រប់​ឧបករណ៍​ប្រើប្រាស់​ទាំងអស់​សុទ្ធសឹង​ផ្ដល់ផល​ប្រយោជន៍​ឱ្យ​មនុស្ស ប៉ុន្ដែក៏​មានផល​អាក្រក់​ខ្លះជះ​មកវិញ​ដែរ​គ្រាន់តែ​ផល​ប្រយោជន៍​នោះវា​អាចច្រើន​លើសលប់​លើផល​ប៉ះពាល់។ ផល​ប៉ះពាល់​អាចកើត​ឡើងនៅ​ពេលដែល​លោកអ្នក​ខ្វះការ​បម្រុង​ប្រយ័ត្ន ប្រើប្រាស់​មិនបាន​សមស្រប​តាម​បច្ចេក​ទេស។ តួយ៉ាង​ឡអាំង​សាច់ វាធ្វើ​ឱ្យហុយ​ផ្សែង​ប្រសិន​បើលោក​អ្នកមិន​បានសម្អាត​វា ឱ្យបាន​ស្អាតក្រោយ​ពេលចម្អិន​សាច់ហើយ​ភ្លាមៗ ឬមិន​បានសម្អាត​មុនពេល​ចម្អិន​សាច់។ ម្យ៉ាងទៀត​ឧបករណ៍​ទំនើបៗ​ទាំងនេះ​សុទ្ធ តែប្រើ​ប្រព័ន្ធ​អគ្គិសនី។ ដូច្នេះ​បើដៃ​សើម​ឬដាក់​របស់​ទាំងនោះ​នៅកន្លែង​ទទឹក​សើម​អាច​បណ្ដាល​ឱ្យ​អគ្គិសនី​ឆក់បង្ក​គ្រោះថ្នាក់។ ចំពោះ​ចង្ក្រាន​ដែល​ប្រើហ្គាស​វិញ ក៏អាច​មានគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដែរ​ប្រសិន​បើលោក​អ្នកធ្វេស​ប្រហែស ដូចជា​មួលបិទ​ហ្គាស​មិនជិត ធ្លាយ​ទុយោ​ហ្គាស ឬទុក​នៅក្បែរ​ភ្លើង​ពេក​ជាដើម។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ដោយ​សារផ្ទះ​បាយ​ទំនើប គឺជា​ផ្ទះបាយ​ដែលត្រូវ​មាន​របស់​របរ​ទំនើប ឧបករណ៍​ប្រើប្រាស់​ដោយ​ចរន្ដ​អគ្គិ​សនី​នោះ​នោះ គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ក៏អាច​កើតឡើង​បានដែរ។ ដូច្នេះ​សូម​លោកអ្នក​ចេះរៀប​ចំទុក​ដាក់​និង​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​លក្ខណៈ​បច្ចេក​វិជ្ជា​ទំនើប និងតាម​ការណែ​នាំរបស់​អ្នក​ផលិត។ ពិសេស​ក៏ត្រូវ​ទុកដាក់​នូវ​របស់​ដែលងាយ​បង្ក​គ្រោះ​ថ្នាក់ឱ្យ​ផុតពី​ដៃក្មេង​ដែល មិនទាន់​ចេះ​ប្រើប្រាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *