សិក្ខា​​​សាលា​​​តស៊ូ​​​មតិ​​​ស្ដីពី​​​សារៈ​​​សំខាន់​​​នៃ​​​ទំនាក់​​​ទំនង​​​រវាង​​​តួនាទី​​​យែនឌ័រ និង​​​សុខភាព​​​មាតា និង​​​ទារក​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ

កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា“រ៉ាក់” បានបើក​សិក្ខាសាលា​តស៊ូមតិ​ស្ដីពីសារៈសំខាន់នៃ​ទំនាក់ទំនង​រវាងតួនាទី​យែនឌ័រ និងសុខភាព​មាតា និងទារក​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​នៅសណ្ឋាគារ​អ៊ីនធឺកុងទីណង់តាល់  ក្នុងគោល​បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍ និងការ​ចូលរួម​ចំណែក​យ៉ាងសកម្មពី​ប្រព័ន្ធផ្សព្វផ្សាយ​អំពីការ​ពន្យារ​កំណើត សមធម៌ យែនឌ័រ និងការ​ចូលរួម​របស់បុរស​ក្នុងការ​ចូលរួម​ចំណែក​កាត់បន្ថយ​មរណៈភាព​មាតាជុំវិញ​ការផ្ដល់​កំណើត ក្រោមសារ​គន្លឹះ“បុរស ជាចំណែក​ដ៏សំខាន់​នៃដំណោះស្រាយ! មិនមែន​ជាចំណែក​នៃបញ្ហាទេ!”។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រព័ន្ធ​ផ្សព្វផ្សាយ និងព័ត៌មាន​បានដើរ​តួយ៉ាង​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍន៍​សង្គមជាតិ​គ្រប់វិស័យ និងគ្រប់​កាលៈទេសៈ។ សម្រេចតាម​សន្និសីទ​អន្ដរជាតិ​ស្ដីពីប្រជាជន និងការអភិវឌ្ឍន៍ និងកិច្ច​ព្រមព្រៀង​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ៍​២០០០របស់ រាជរដ្ឋាភិបាល និងការ​ចុះសច្ចាប័ន​នៃអនុសញ្ញា​លុបបំបាត់​រាល់ទម្រង់​នៃការ​រើសអើង​លើស្ដ្រីភេទ​(១៩៩២) សំដៅ​កាត់បន្ថយ​អត្រា ស្លាប់​របស់ម្ដាយ​ដែលមាន​ក្នុងមួយថ្ងៃ​ប្រហែលជា​៣នាក់ឱ្យ​មកនៅ​ចំណុចសូន្យ។

លោកស្រី​វេជ្ជបណ្ឌិត អ៊ុក វង្សវឌ្ឍនី នាយិកា​ប្រតិបត្ដិ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជារ៉ាក់​បានមាន​ប្រសាសន៍ថា គោលបំណង​របស់យើង​ថ្ងៃនេះគឺ​ដើម្បី​ស្វែងយល់ថា តើប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​ចំណែក​អ្វីខ្លះ​ដើម្បីជួយ​សង្គ្រោះ​ជីវិតស្ដ្រី​ជាមាតា ដែលស្លាប់​ជុំវិញ​កំណើត​ជារៀងរាល់ថ្ងៃ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មានតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សុខុមាលភាព​ប្រជាជន ដោយ ចូលរួម​ដោយច្បាស់លាស់ និងស្របគ្នា​អំពីផលប្រយោជន៍​ដែល​ទាក់ទង​នឹងសុខភាព។ ការផ្សព្វផ្សាយ​ព័ត៌មាន​អំពីផល​ប្រយោជន៍ នៃការ​ប្រើប្រាស់​ចំពោះបុរស​និងស្ដ្រី និងគូស្រករ​ថ្មី ការជួយ​សរសេរ​អត្ថបទ និងបទអត្ថាធិប្បាយ​ផ្សព្វផ្សាយផ្សេងៗ ដើម្បីជួយ​ជំរុញឱ្យ គូស្វាមី​គ្រប់រូបនាំ​ភរិយាទៅ​ពិនិត្យផ្ទៃពោះ និងទៅសម្រាល​កូននៅមណ្ឌល​សុខភាពឬ​មន្ទីរពេទ្យផ្សេង ព្រមទាំង​ចូលរួម​ចំណែកដ៏ សំខាន់​នៃការ​ផ្សព្វផ្សាយ​ក្នុងវិស័យ​សុខាភិបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​ពេលនោះ​ដែរ ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រី​ក្រសួងព័ត៌មាន​បានមាន​ប្រសាសន៍ថា កុមារគឺ​ជាអនាគត​របស់ ប្រទេស​កម្ពុជា ពួកគេ​ត្រូវការ​ការថែទាំ និងផ្ដល់ចំណី​អាហារ​គ្រប់គ្រាន់ ដើម្បីធ្វើ​ឱ្យពួកគេ​អាចសិក្សា រៀនសូត្រ និងស្វែងរក​ការងារ នៅពេល​ដែលពួក​គេបញ្ចប់ការ​សិក្សា ដែលញ៉ាំង​ឱ្យពួកគេ​មានជីវិត​រស់នៅ​យ៉ាងសុខសាន្ដ។ ស្ដ្រីជាកម្លាំង​សេដ្ឋកិច្ច​ដ៏សំខាន់​នៅក្នុង ប្រទេស។ មានស្ដ្រី​ជាច្រើន​នៅក្នុង​ប្រទេស ពួកគាត់​មិនត្រឹម​ជាម្ដាយ ហើយថែមទាំង​ជាកសិករ អ្នករកស៊ី ឬជា​មន្ដ្រីរាជការ។ សុខភាព​របស់ពួកគាត់​គឺជាផ្នែកមួយ​ដ៏សំខាន់នៅ​ក្នុងគ្រួសារ បើនិយាយ​ដោយឡែក​ហើយក៏ជាផ្នែក​មួយដ៏សំខាន់​ក្នុងការចូល​រួមចំណែក ធ្វើឱ្យ​ប្រទេសកម្ពុជា​ឆ្ពោះទៅរក​អនាគតរុងរឿង បើនិយាយរួម។ ការចូលរួម​ចំណែក​របស់បុរស​នៅក្នុងសុខភាព​បន្ដពូជ និងសុខភាព ផ្លូវភេទ គឺនៅមាន​កម្រិតទាប​នៅឡើយ​នៅប្រទេសកម្ពុជា​យើងនេះ។ ការយល់ដឹងពី​សុខភាពបន្ដពូជ ដោយបុរស​ធ្វើការ​សម្រេចចិត្ដ រួមគ្នា ដោយប្ដីប្រពន្ធ​អាចធ្វើឱ្យ​ប្រសើរឡីង​នូវកម្មវិធី​ពន្យារកំណើត។ លទ្ធផល​នៃការសិក្សា​ជាច្រើនបាន​បង្ហាញឱ្យឃើញថា ការប្រើ ប្រាស់ ការពន្យារ​កំណើតឡើង​ខ្ពស់នៅពេល​ដែលមានការ​ចូលរួមពី​បុរសជា​ស្វាមី។ យើងដឹង​ច្បាស់ថា ក្រសួងសុខាភិបាល​តែឯងមិន អាចជួយ​ដោះស្រាយ​បញ្ហាដែលកំពុង​ប្រឈមមុខ​ឱ្យបាន​ជោគជ័យ ដើម្បីលើក​កម្ពស់សុខភាព​មាតា និងទារក ដោយឆ្លើយ​តបទៅនឹង តម្រូវការ​គោលដៅ​អភិវឌ្ឍន៍ សហសវត្សរ៍​នាឆ្នាំ២០១៥​បានឡើយ។ ដូច្នេះ​សិក្ខាសាលា​ថ្ងៃនេះ​មានសារៈ​សំខាន់ណាស់។ យើងមកជួប ជុំគ្នា​ដើម្បី​ចូលរួម​ជាដៃគូ ដោយមាន​ការចូលរួម​ពីសំណាក់​បណ្ដាអង្គការជាតិ និងអន្ដរជាតិ​នានា ជាពិសេស​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីរិះរក​មធ្យោបាយ​ផ្សេងៗ រួមទាំង​ការលើក​កម្ពស់ ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ទំនើបដែលសុទ្ធ​តែជា​មធ្យោបាយ ឬជាយុទ្ធសាស្ដ្រ​នានា​ដែលចាំបាច់​ត្រូវមាន​ការចូលរួម​យ៉ាងសកម្ម​ពីបុរសជា​ស្វាមី​ក្រោមសារ​គន្លឹះថា បុរសជា​ផ្នែកដ៏សំខាន់​នៃដំណោះ ស្រាយ! មិនមែន​ជាបញ្ហាទេ! ដើម្បីលើក​កម្ពស់​សុខភាព​មាតា និងទារក។ ជាងនេះ​ទៅទៀត​ការចូលរួម​យ៉ាងសកម្ម​ពីអស់លោក លោកស្រីអ្នក​នាងកញ្ញា ដែលជា​សមាជិកស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលបាន​ចូលរួម​សិក្ខា​សាលា​នេះដោយ​ជួយសរសេរ និង អត្ថាធិប្បាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់គ្នា​អំពី​យុទ្ធសាស្ដ្រ​ត្រូវ​សង្គ្រោះ​ជីវិតមាតា និងទារក នៅកម្ពុជា​ដែលស្លាប់​រាល់ថ្ងៃ។ ហើយ ប្រការ​នេះនឹង​ចូលរួម​ចំណែក​យ៉ាងធំធេង​ក្នុងការសម្រេច​លទ្ធផលដែល​រំពឹងទុក ក្នុងគោលដៅ​អភិវឌ្ឍន៍​សហសវត្សរ៍​ថ្មីកម្ពុជា។ យើង មានជំនឿ​ជឿជាក់​យ៉ាងមុតមាំថា ការកាត់បន្ថយ​អត្រាស្លាប់​របស់មាតា​និងទារក​ពិតជាអាច​ធ្វើបាននៅ​ក្នុងប្រទេស​កម្ពុជាយើង។ ជីវិត របស់មាតា និងកុមារ​កម្ពុជាដែល​ជាជនរួមជាតិ​របស់យើង​ទាំងអស់គ្នា​ត្រូវសង្គ្រោះ​ឱ្យទាន់ពេល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *