កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ សមាគមថែទាំសុខភាពគ្រួសារកម្ពុជា“រ៉ាក់” បានបើកសិក្ខាសាលាតស៊ូមតិស្ដីពីសារៈសំខាន់នៃទំនាក់ទំនងរវាងតួនាទីយែនឌ័រ និងសុខភាពមាតា និងទារកតាមប្រព័ន្ធផ្សព្វផ្សាយនៅសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមចំណែកយ៉ាងសកម្មពីប្រព័ន្ធផ្សព្វផ្សាយអំពីការពន្យារកំណើត សមធម៌ យែនឌ័រ និងការចូលរួមរបស់បុរសក្នុងការចូលរួមចំណែកកាត់បន្ថយមរណៈភាពមាតាជុំវិញការផ្ដល់កំណើត ក្រោមសារគន្លឹះ“បុរស ជាចំណែកដ៏សំខាន់នៃដំណោះស្រាយ! មិនមែនជាចំណែកនៃបញ្ហាទេ!”។
![សិក្ខាសាលាតស៊ូមតិស្ដីពីសារៈសំខាន់នៃទំនាក់ទំនងរវាងតួនាទីយែនឌ័រ និងសុខភាពមាតា និងទារកតាមប្រព័ន្ធផ្សព្វផ្សាយ](http://www.healthcambodia.com/wp-content/uploads/2012/01/27-1-copy3-300x200.jpg)
ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានដើរតួយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍន៍សង្គមជាតិគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។ សម្រេចតាមសន្និសីទអន្ដរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍២០០០របស់ រាជរដ្ឋាភិបាល និងការចុះសច្ចាប័ននៃអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ដ្រីភេទ(១៩៩២) សំដៅកាត់បន្ថយអត្រា ស្លាប់របស់ម្ដាយដែលមានក្នុងមួយថ្ងៃប្រហែលជា៣នាក់ឱ្យមកនៅចំណុចសូន្យ។
លោកស្រីវេជ្ជបណ្ឌិត អ៊ុក វង្សវឌ្ឍនី នាយិកាប្រតិបត្ដិសមាគមថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់បានមានប្រសាសន៍ថា គោលបំណងរបស់យើងថ្ងៃនេះគឺដើម្បីស្វែងយល់ថា តើប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែកអ្វីខ្លះដើម្បីជួយសង្គ្រោះជីវិតស្ដ្រីជាមាតា ដែលស្លាប់ជុំវិញកំណើតជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដោយ ចូលរួមដោយច្បាស់លាស់ និងស្របគ្នាអំពីផលប្រយោជន៍ដែលទាក់ទងនឹងសុខភាព។ ការផ្សព្វផ្សាយព័ត៌មានអំពីផលប្រយោជន៍ នៃការប្រើប្រាស់ចំពោះបុរសនិងស្ដ្រី និងគូស្រករថ្មី ការជួយសរសេរអត្ថបទ និងបទអត្ថាធិប្បាយផ្សព្វផ្សាយផ្សេងៗ ដើម្បីជួយជំរុញឱ្យ គូស្វាមីគ្រប់រូបនាំភរិយាទៅពិនិត្យផ្ទៃពោះ និងទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យផ្សេង ព្រមទាំងចូលរួមចំណែកដ៏ សំខាន់នៃការផ្សព្វផ្សាយក្នុងវិស័យសុខាភិបាល។
![សិក្ខាសាលាតស៊ូមតិស្ដីពីសារៈសំខាន់នៃទំនាក់ទំនងរវាងតួនាទីយែនឌ័រ និងសុខភាពមាតា និងទារកតាមប្រព័ន្ធផ្សព្វផ្សាយ](http://www.healthcambodia.com/wp-content/uploads/2012/01/27-2-copy3-300x200.jpg)
នៅក្នុងពេលនោះដែរ ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កុមារគឺជាអនាគតរបស់ ប្រទេសកម្ពុជា ពួកគេត្រូវការការថែទាំ និងផ្ដល់ចំណីអាហារគ្រប់គ្រាន់ ដើម្បីធ្វើឱ្យពួកគេអាចសិក្សា រៀនសូត្រ និងស្វែងរកការងារ នៅពេលដែលពួកគេបញ្ចប់ការសិក្សា ដែលញ៉ាំងឱ្យពួកគេមានជីវិតរស់នៅយ៉ាងសុខសាន្ដ។ ស្ដ្រីជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុង ប្រទេស។ មានស្ដ្រីជាច្រើននៅក្នុងប្រទេស ពួកគាត់មិនត្រឹមជាម្ដាយ ហើយថែមទាំងជាកសិករ អ្នករកស៊ី ឬជាមន្ដ្រីរាជការ។ សុខភាពរបស់ពួកគាត់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងគ្រួសារ បើនិយាយដោយឡែកហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក ធ្វើឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតរុងរឿង បើនិយាយរួម។ ការចូលរួមចំណែករបស់បុរសនៅក្នុងសុខភាពបន្ដពូជ និងសុខភាព ផ្លូវភេទ គឺនៅមានកម្រិតទាបនៅឡើយនៅប្រទេសកម្ពុជាយើងនេះ។ ការយល់ដឹងពីសុខភាពបន្ដពូជ ដោយបុរសធ្វើការសម្រេចចិត្ដ រួមគ្នា ដោយប្ដីប្រពន្ធអាចធ្វើឱ្យប្រសើរឡីងនូវកម្មវិធីពន្យារកំណើត។ លទ្ធផលនៃការសិក្សាជាច្រើនបានបង្ហាញឱ្យឃើញថា ការប្រើ ប្រាស់ ការពន្យារកំណើតឡើងខ្ពស់នៅពេលដែលមានការចូលរួមពីបុរសជាស្វាមី។ យើងដឹងច្បាស់ថា ក្រសួងសុខាភិបាលតែឯងមិន អាចជួយដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់សុខភាពមាតា និងទារក ដោយឆ្លើយតបទៅនឹង តម្រូវការគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍នាឆ្នាំ២០១៥បានឡើយ។ ដូច្នេះសិក្ខាសាលាថ្ងៃនេះមានសារៈសំខាន់ណាស់។ យើងមកជួប ជុំគ្នាដើម្បីចូលរួមជាដៃគូ ដោយមានការចូលរួមពីសំណាក់បណ្ដាអង្គការជាតិ និងអន្ដរជាតិនានា ជាពិសេសស្ថាប័នផ្សព្វផ្សាយព័ត៌មាន ដើម្បីរិះរកមធ្យោបាយផ្សេងៗ រួមទាំងការលើកកម្ពស់ ការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបដែលសុទ្ធតែជាមធ្យោបាយ ឬជាយុទ្ធសាស្ដ្រនានាដែលចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីបុរសជាស្វាមីក្រោមសារគន្លឹះថា បុរសជាផ្នែកដ៏សំខាន់នៃដំណោះ ស្រាយ! មិនមែនជាបញ្ហាទេ! ដើម្បីលើកកម្ពស់សុខភាពមាតា និងទារក។ ជាងនេះទៅទៀតការចូលរួមយ៉ាងសកម្មពីអស់លោក លោកស្រីអ្នកនាងកញ្ញា ដែលជាសមាជិកស្ថាប័នផ្សព្វផ្សាយព័ត៌មានដែលបានចូលរួមសិក្ខាសាលានេះដោយជួយសរសេរ និង អត្ថាធិប្បាយផ្សព្វផ្សាយព័ត៌មានទាំងអស់គ្នាអំពីយុទ្ធសាស្ដ្រត្រូវសង្គ្រោះជីវិតមាតា និងទារក នៅកម្ពុជាដែលស្លាប់រាល់ថ្ងៃ។ ហើយ ប្រការនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចលទ្ធផលដែលរំពឹងទុក ក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ថ្មីកម្ពុជា។ យើង មានជំនឿជឿជាក់យ៉ាងមុតមាំថា ការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកពិតជាអាចធ្វើបាននៅក្នុងប្រទេសកម្ពុជាយើង។ ជីវិត របស់មាតា និងកុមារកម្ពុជាដែលជាជនរួមជាតិរបស់យើងទាំងអស់គ្នាត្រូវសង្គ្រោះឱ្យទាន់ពេល។
![HM062-cover](http://hc.ohkhmer.com/wp/wp-content/uploads/2012/01/HM062-cover.png)
Leave a Reply