ក្នុងឱកាសទិវានារីអន្ដរជាតិ ៨ មីនា ២០០៨ ខួបទី៩៨ ក្រោមប្រធានបទ “ស្ដ្រីចូលរួមក្នុងការអភិវឌ្ឍន៍សង្គម”លោក ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍និងជម្ងឺអេដស៍ ប្រធានកិត្ដិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ដ្រី និងគ្រួសារខ្មែរ និងជាប្រធានកិត្ដិយសសមាគមនារីដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ មានស្នាដៃនិងគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពដើម្បីប្រទេស ជាតិ។ ទស្សនាវដ្ដី សុខភាពយើង សូមចូលរួមគាំទ្រ និងអបអរសាទររាល់សកម្មភាព ស្នាដៃអនុសាសន៍ និងវីរៈភាពជា ប្រវត្ដិសាស្ដ្ររបស់លោកជំទាវ។
![លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ស្ដ្រីទី១នៃកម្ពុជា ស្នាដៃមហាសាល](http://www.healthcambodia.com/wp-content/uploads/2012/05/២០-បុ៑នរ៉ានី-2-228x300.jpg)
ក្នុងនាមជាស្ដ្រីទី១នៃកម្ពុជា ដែលជាភរិយាដ៏ឧត្ដុងឧត្ដមបំផុត នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មានក្ដីសោមនស្សរីករាយចូលរួមអបអរសាទរទិវា អន្ដរជាតិនារី ៨មីនា ២០០៨ ខួបទី៩៨ ក្រោមប្រធានបទ “ស្ដ្រីចូលរួមក្នុងការអភិវឌ្ឍន៍សង្គម” តាមរយៈការបង្ហាញនូវបទពិសោធន៍ ទទួលបានក្នុងជីវភាពនៃតួនាទីដ៏សំខាន់ៗ រួមចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍ប្រទេស។ អនុសាសន៍ដែលផ្ដល់ជូនមានសារៈ សំខាន់យ៉ាងខ្លាំងសម្រាប់នារីគ្រប់រូប និងពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានយកជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអនុវត្ដយុទ្ធសាស្ដ្រចតុកោណ គោលដៅសហស្សវត្សរ៍កម្ពុជា និងជាពិសេសផែនការនារីរតនៈដើម្បីធ្វើឱ្យសង្គមជាតិកម្ពុជាសម្រេចបាននូវការថែរក្សា ការការពារ វប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌និងសុភមង្គលគ្រួសារដោយលើកកម្ពស់ស្ថានភាពតួនាទី តម្លៃ និងសុខុមាលភាពស្ដ្រីខ្មែរ ការធ្វើឱ្យអត្ដសញ្ញាណជាតិ អរិយធម៌ កិត្យានុភាពរបស់ប្រទេសជាតិនិងសេចក្ដីថ្លៃថ្នូររបស់ជនជាតិខ្មែរត្រូវបានលើកស្ទួយលើឆាក អន្ដរជាតិ។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដ៏ឆ្នើម ថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៤ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែនបានចាប់ផ្ដើមចូលរួមក្នុងការដឹកនាំកាកបាទក្រហមកម្ពុជាមានតួនាទីជាអនុប្រធាននៃគណៈកម្មាធិការកណ្ដាល ជ្រើសតាំងដោយមហាសន្និបាតអាណត្ដិទី១។ មហាសន្និបាតកាកបាទក្រហម កម្ពុជា អាណត្ដិទី២ ឆ្នាំ១៩៩៨ អាណត្ដិទី៣ ឆ្នាំ២០០២ និងអាណត្ដិទី៤ ឆ្នាំ២០០៦បានបោះឆ្នោតជ្រើសរើសលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំរៀងរហូតមក។ លោកជំទាវប្រធានបានដឹកនាំកាកបាទក្រហមកម្ពុជាដោយផ្ដល់អាទិភាពការងារលើការ ជួយសង្គ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយដើរទន្ទឹមគ្នានឹងការកសាងមូលដ្ឋានគ្រឹះ ការពង្រឹងរចនាសម្ពន្ធ័ពីថ្នាក់ជាតិ ដល់សហគមន៍ ដែលក្នុងនោះការបង្កើតនិងពង្រឹងសមត្ថភាពសាខាតាមខេត្ដ-ក្រុងទាំង២៤ ការកសាងធនធានមនុស្ស ការកសាងមូល ដ្ឋានច្បាប់ នីតិវិធីនានា យុទ្ធសាស្ដ្រនិងផែនការសម្រាប់អនុវត្ដដែលធានាបានការជឿទុកចិត្ដពីដៃគូ ការរក្សាតម្លាភាព គណនេយ្យ ភាពជាមួយសប្បុរសជនជាមួយម្ចាស់អំណោយ និងជាមួយគ្រួសារ និងសហគមន៍ទទួលផល។ កម្លាំងអ្នកស្មគ្រ័ចិត្ដ និងយុវជនកាក បាទក្រហមការកសាងសមាជិកភាពត្រូវបានកសាង និងពង្រឹងក្នុងក្របខណ្ឌអភិវឌ្ឍន៍ស្ថាបន័ អភិវឌ្ឍន៍សាខា កសាងសមត្ថភាពសាខាឱ្យឈានទៅសម្រេចបានភាពម្ចាស់ការថវិកាលើបុព្វហេតុរដ្ឋបាលក្នុងឆ្នាំ២០០៤។ នៅឆ្នាំ២០០៥ កាកបាទក្រហមកម្ពុជាបានចងក្រងប្រវត្ដិ៥០ឆ្នាំនៃការកសាង ការស្ដារ និងអភិវឌ្ឍន៍កាកបាទក្រហមកម្ពុជាទៅតាមដំណាក់កាលនីមួយៗនៃសង្គមធ្វើឱ្យយុវជន ជំនាន់ក្រោយបានស្គាល់ព្រះរាជគំរូវីរភាពសម្ដេចឪសម្ដេចម៉ែក្នុងព្រះរាជសកម្មភាពមនុស្សធម៌និងកំណត់ទិសដៅបានយ៉ាងច្បាស់ លាស់ក្នុងការអភិវឌ្ឍន៍កាកបាទក្រហមកម្ពុជាឱ្យសម្រេចបានលក្ខណៈវិនិច្ឆ័យជាសមាគមជាតិមានដំណើរការល្អ។
បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជាមានសមាជិកជាង១២ម៉ឺននាក់ អ្នកស្ម្រ័គចិត្ដនិងយុវជនកាកបាទក្រហមជាង១ម៉ឺននាក់សាខាទាំង២៤មានទីស្នាក់ការថ្មីធ្វើការ និងកំពុងឈានទៅកសាងការិយាល័យអនុសាខាជាបន្ដបន្ទាប់ បាននិងកំពុងអនុវត្ដកម្មវិធីការ ងារតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ដ្រ២០០៣-២០១០របស់កាកបាទក្រហមកម្ពុជាគឺលើកកម្ពស់តម្លៃមនុស្សធម៌ (ក្នុងនោះមាន ការឆ្លើយតបទៅនឹងការជួញដូរស្ដ្រី និងកុមារ) ថែទាំសុខភាព គ្រប់គ្រងគ្រោះមហន្ដរាយ និងអភិវឌ្ឍន៍ស្ថាប័ន/ធនធាន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់តម្លៃមនុស្សធម៌។
![លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ស្ដ្រីទី១នៃកម្ពុជា ស្នាដៃមហាសាល](http://www.healthcambodia.com/wp-content/uploads/2012/05/២០-បុ៑នរ៉ានី-3-266x300.jpg)
សមិទ្ធិផលប្រវត្ដិសាស្ដ្រលេចធ្លោក្នុងប្រវត្ដិ៥២ឆ្នាំ (១៩៥៥-២០០៧) របស់សមាគមជាតិជាទីស្នាក់ការកណ្ដាលថ្មីរបស់កាកបាទក្រហមកម្ពុជាប្រសូតចេញពីការផ្ដួចផ្ដើមគំនិត ការលះបង់កម្លាំងកាយចិត្ដ ពេលវេលាប្រកបដោយភាពស្វាហាប់ឈ្លាសវៃ និងយ៉ាងសកម្មមោះមុតនៃលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារួមជាមួយនឹងការចូលរួមឧបត្ថម្ភថវិកា សម្ភារៈពីសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសដែលឆ្លើយតបប្រកបដោយការជឿទុកចិត្ដលើមគ្គុទ្ទេសក៍ភាពនៃលោក ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រកាសអបអរសាទរយ៉ាងមហោឡារិកនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០០៧។ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសខ្ពស់បំផុតនៃ ព្រះរាជាណាចក្រកម្ពុជា មេដាយ“ជាតូបការ” ជូនលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែនដើម្បីជាសក្ខីភាពនៃការកោតសរសើរយ៉ាង ជ្រាលជ្រៅ និងការទទួលស្គាល់មគ្គុទ្ទេសក៍ភាពរបស់លោកជំទាវប្រធានហើយដែលលោកជំទាវបានប្រកាសផ្ទេរជូននូវកិត្ដិយសដ៏ឧត្ដុង ឧត្ដមថ្លៃថ្លានិងប្រកបដោយក្ដីមោទនភាពនេះបន្ដជូនថ្នាក់ដឹកនាំមន្ដ្រីបុគ្គលិក កម្មករ អ្នកស្ម្រ័គចិត្ដ សមាជិកសមាជិកា និងយុវជនកាកបាទក្រហមកម្ពុជាគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជានៅគ្រប់ជំនាន់ទាំងអស់។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ និងជម្ងឺអេដស៍បន្ថែមពីលើកាតព្វកិច្ចមនុស្សធម៌ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែនជាសកម្មជនចូលរួមយ៉ាងក្លៀវក្លាក្នុងការដោះស្រាយ បញ្ហាប្រឈមនានារបស់កម្ពុជា ដែលក្នុងនោះមានការប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ការបញ្ឈប់ការរើសអើងមេរោគអេដស៍ការដោះ ស្រាយថ្នាំពន្យារជីវិតដល់អ្នកជម្ងឺ។ ការទទួលស្គាល់ពីអន្ដរជាតិចំពោះសកម្មភាពលោកជំទាវត្រូវបានអបអរសាទរដោយការប្រគល់ ជូនលោកជំទាវ ប៊ុន រ៉ានី នូវគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ អេដស៍ និងជម្ងឺអេដស៍នៅកម្ពុជានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ដោយវេទិកាភាពជាអ្នកដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក អេភីអិលអេហ្វ និងយូអិនអេដស៍ (OPLT និង UNAIDS)។ លោកជំទាវបាននិងកំពុងបន្ដដឹកនាំសកម្មភាពក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាទាំង២៤ខេត្ដ-ក្រុងឱ្យអនុវត្ដព្រមៗគ្នាបង្ហាញភាពជាគំរូក្នុងការមិនរើសអើងអ្នកជម្ងឺអេដស៍ ផ្ដល់ការថែទាំដល់កុមារ/ គ្រួសាររងផលប៉ះពាល់ដោយមេរោគអេដស៍ ចុះជួបកម្មករ-កម្មការិនីនិយោជកតាមរោងចក្រ លើកកម្ពស់ការគោរពអនុវត្ដច្បាប់ជាតិ ស្ដីពីការទប់ស្កាត់ការរីករាលដាលជម្ងឺអេដស៍និងគោលនយោបាយស្ដីពីជម្ងឺអេដស៍នៅកន្លែងធ្វើការ បង្កើតឱ្យមានបរិយាកាសផ្លាស់ប្ដូរ ឥរិយាបថស្អប់ខ្ពើមមកជាក្ដីមេត្ដា ករុណា ថែទាំផ្ដល់ក្ដីសង្ឃឹមដល់អ្នករងគ្រោះ។ លោកជំទាវតែងតែចាត់ទុកសេចក្ដីឈឺចាប់របស់ អ្នករងគ្រោះគ្រួសារអ្នករងគ្រោះរបស់ពលរដ្ឋគ្រប់រូប និងរបស់លោកជំទាវផ្ទាល់។ ក្នុងព្រហ្មវិហារធម៌គិតដល់សុខទុក្ខរបស់ស្ដ្រីលោកជំទាវបានគាំទ្រទាំងស្រុងយុទ្ធសាស្ដ្ររបស់ក្រសួងកិច្ចការនារី ស្ដីពីមេរោគអេដស៍ ស្ដ្រី និងក្មេងស្រី ឆ្នាំ២០០៨-២០១២។ លោកជំទាវបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមអនុវត្ដ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ស្ដ្រី និងកុមារី និងបង្កើនការយកចិត្ដទុកដាក់របស់បុរសចំពោះផលវិបាកគ្រួសារ និងការបំផ្លាញខ្លួនឯង។ លោកជំទាវអំពាវនាវដល់ពលរដ្ឋគ្រប់រូបឱ្យចងចាំថា “បញ្ហាមេរោគអេដស៍ជាបញ្ហារួមរបស់សង្គមជាតិ ដែលចាំបាច់ត្រូវតែរួមកម្លាំងគ្នាដោះស្រាយ”។
លោកជំទាវ ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកិត្ដិយស គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃ ស្ដ្រីនិងគ្រួសារខ្មែរនៅចំពោះមុខបញ្ហាប្រឈមផ្នែកសីលធម៌សង្គម លោកជំទាវអបអរសារទរយ៉ាងក្លៀវក្លាចំពោះការបង្កើតឱ្យមានគណៈ កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងតម្លៃគ្រួសារខ្មែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ហើយបាននិងកំពុង បន្ដចូលរួមយ៉ាងសកម្មក្នុងការខិតខំកាត់បន្ថយជាបណ្ដើរៗប្រកបដោយប្រសិទ្ធភាពនូវភាពងាយរងគ្រោះរបស់ស្ដ្រី យុវនារី និងកុមារី ដោយតម្កល់ទស្សនៈសីលធម៌សង្គមនេះថាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ និងជា មូលដ្ឋានគ្រឹះនៃសមភាពយេនឌ័រនៅក្នុងបរិបទកម្ពុជាជារៀងរហូត។ ក្នុងឋានៈជាប្រធានកិត្ដិយសគណៈកម្មាធិការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ លោកជំទាវបានអំពាវនាវចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សហការ និងគាំទ្រដល់ការអប់រំផ្សព្វផ្សាយអំពីសីលធម៌សុជីវធម៌ទាំងក្នុងគ្រួសារ ក្នុងសង្គម និងនៅកន្លែងធ្វើការ ព្រម ទាំងធ្វើជាគំរូដ៏ល្អសម្រាប់អ្នកក្រោមឱវាទនិងបានសំណូមពរសមត្ថកិច្ចអាជ្ញាធរដែនដីឱ្យបំពេញតួនាទីរបស់ខ្លួន ដោយគ្មានការលើក លែងនិងមិនត្រូវបណ្ដោយឱ្យជនល្មើសបានរួចពីទុក្ខទោសឡើយ។ លោកជំទាវថែមទាំងបានសំណូមពរក្រសួងព័ត៌មាន និងវប្បធម៌ សហការគ្នាត្រួតពិនិត្យការស្លៀកពាក់ការប្រើពាក្យសម្ដី កាយវិការ និងខ្លឹមសារសម្ដែងរបស់សិល្បករតាមបណ្ដាញព័ត៌មាន ត្រូវទាញ ស្មារតីអប់រំឱ្យរក្សាភាពថ្លៃថ្នូរ សមរម្យដើម្បីឆ្លុះបញ្ចាំងអំពីអត្ដសញ្ញាណជាតិ ដែលមានអារ្យធម៌ខ្ពង់ខ្ពស់។ លោកជំទាវបានជម្រុញក្រសួងមហាផ្ទៃឱ្យបន្ដការបង្ក្រាបបនស្រីពេស្យាចារ កន្លែងលក់ផ្លូវភេទ កន្លែងប្រើប្រាស់គ្រឿងញៀន បិទកន្លែងបញ្ចាំងវីដេអូអាសអាភាសនៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា។ ពីព្រោះអំពើពាលាអាវាសែទាំងអស់នោះ គឺជាមូលហេតុចម្បងនៃការចាប់រំលោភសេពសន្ថវៈទៅលើស្ដ្រី និងកុមារី។ លោកជំទាវបានអំពាវនាវដល់គ្រួសារខ្មែរទាំងអស់ឱ្យបន្ដប្រពៃណីដ៏ល្អនៃគ្រួសារខ្មែរថែរក្សាការពារកូនស្រី-ចៅស្រី របស់ខ្លូន ដូចជាការថែរក្សា និងការពារប្រស្រីភ្នែករៀងៗខ្លួន។
![លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ស្ដ្រីទី១នៃកម្ពុជា ស្នាដៃមហាសាល](http://www.healthcambodia.com/wp-content/uploads/2012/05/២០-បុ៑នរ៉ានី-1-300x226.jpg)
ជាមួយនឹងសមិទ្ធិផលលេចធ្លោ និងការចូលរួមលើកកម្ពស់ស្ដ្រីក្នុងការអភិវឌ្ឍន៍សង្គមលោកជំទាវគិតគូរដល់សុខទុក្ខរបស់ កងយោធពលខេមរភូមិន្ទដែលបានលះបង់គ្រួសារ ធ្វើពលិកម្មការពារជាតិ នាំមកនូវសុខសន្ដិភាពជូនមាតុភូមិហើយកំពុងបន្ដរក្សាសុវត្ថិភាពការពារបូរណភាពដែនដីឱ្យបានគង់វង្ស។ លោកជំទាវបានចុះជួបសួរសុខទុក្ខ សំណេះសំណាល ផ្ដល់សម្ភារៈចាំបាច់ និងលើក ទឹកចិត្ដដល់គ្រួសារយុទ្ធជនដែលឈរជើងនៅតាមមូលដ្ឋានសំខាន់ៗទាំងឡាយ។
សកម្មភាពដ៏អង់អាចក្លាហានជាគំរូរបស់លោកជំទាវមានតាំងពីយុវវ័យ។ ក្នុងវ័យ១៦ឆ្នាំ លោកជំទាវ ប៊ុន រ៉ានីបានចាប់ផ្ដើមការងារ ឆ្លងកាត់បទពិសោធន៍ជាគិលានុបដ្ឋាយិកា និងបន្ទាប់មកជាឆ្មប ក្នុងចលនាតស៊ូក្នុងព្រៃម៉ាគីស។ លោកជំទាវបានបាត់បង់បុត្រទី១ ដែលជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានឆ្លងកាត់ជីវិតក្នុងពន្ធនាគារ ខ្មែរក្រហមពីឆ្នាំ១៩៧៧រហូតដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងពេលដែលសម្ដេច ហ៊ុន សែនកំពុងធ្វើការតស៊ូរំដោះជាតិពីរបប ប្រល័យពូជសាសន៍ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផ្ដល់កំណើតទី២ដល់ប្រជាជនកម្ពុជាជាង៤លាននាក់។
ក្នុងដំណាក់កាលស្ដារប្រទេសក្រោយជ័យជំនះ ៧ មករា ១៩៧៩ លោកជំទាវ ប៊ុន រ៉ានីបានផ្ដោតការយកចិត្ដទុកដាក់ជួយឧបត្ថម្ភ សម្ភារៈ ថវិកា ដល់ការប្រមូលផ្ដុំ អប់រំ ថែទាំកុមារកំព្រា។ មានកុមារកំព្រាជាច្រើនដែលទទួលបានវិជ្ជានិងការបណ្ដុះបណ្ដាលជំនាញ រួចហើយចាកចេញពីមជ្ឈមណ្ឌលកុមារកំព្រាកសាងជីវភាពរស់នៅដោយជំហរខ្លួនផ្ទាល់បានកសាង និងរក្សាសុភមង្គលគ្រួសារប្រកបដោយសេចក្ដីថ្លៃថ្នូរ។
លោកជំទាវ ប៉ុន រ៉ានីហ៊ុនសែនប្រធានកិត្ដិយសសមាគមនារីដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍន៍សង្គមជាតិ លោកជំទាវ ប៊ុន រ៉ានី ជាប្រធានកិត្ដិយសសមាគមនារីដើម្បីសន្ដិភាព និងការអភិវឌ្ឍន៍បានជម្រុញយ៉ាងសកម្មឱ្យស្ដ្រីចូលរួមក្នុងការធ្វើនយោបាយ និងអភិវឌ្ឍន៍ជាតិ។ លោកជំទាវបានបង្កើតមជ្ឈមណ្ឌលសម្រាប់មនុស្ស ចាស់នៅវត្ដចំប៉ា និងមជ្ឈមណ្ឌលស្ដារនិតិសម្បទាយុទ្ធជននៅកៀនឃ្លាំងខេត្ដកណ្ដាលនិងបានចុះជួបសួរសុខទុក្ខជារឿយៗ។ ឆ្នាំ ១៩៩៦ លោកជំទាវបានចាប់ផ្ដើមបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ បណ្ដុះបណ្ដាលជំនាញកាត់ដេរតម្បាញគ្រឿងសូត្រ កន្ទេលកក់ និង សម្អាងការដល់យុវនារីនៃគ្រួសារដែលពុំមានលទ្ធភាព ដើម្បីកសាងសមត្ថភាពចិញ្ចឹមជីវិត។ មកទល់សព្វថ្ងៃនេះ យុវនារីចំនួនជិត១ម៉ឺន នាក់ បានទទួលការបណ្ដុះបណ្ដាលពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែនអង្គស្នួល កោះថ្មី (ខេត្ដកណ្ដាល) ពោធិ៍សាត់ ព្រះវិហារនិងបានចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតដោយមានឥណទានកម្ចីពីមជ្ឈមណ្ឌល ឬមានការងារក្នុងរោងចក្រកាត់ដេរនានា។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន និងគ្រឿងឥស្សរិយស-មេដាយជាច្រើនគ្រឿងឥស្សរិយសផ្សេងៗទៀត ដែលបញ្ជាក់នូវការទទួលស្គាល់ចំពោះស្នាដៃ និងគំរូវីរភាពរបស់លោកជំទាវ ប៊ុនរ៉ានីហ៊ុន សែន មានជាអាទិមេដាយថ្នាក់ខ្ពស់បំផុតនៃសម្ដេចព្រះវររាជបិតាជាតិខ្មែរ នរោត្ដម សីហនុមេដាយលើកកម្ពស់ពិភពលោក ដោយបេះដូងតែមួយនៃវិទ្យាស្ថានសន្ដិភាពស្រ៉ីជិនមួយ មេដាយសន្ដិភាពនៃកាកបាទក្រហមសាធារណរដ្ឋកូរ៉េ។ល។ ខាងផ្នែក វេជ្ជសាស្ដ្រវិញ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែនជាសមាជិកកិត្ដិយសនៃគណៈអភិបាលអង្គការមូលនិធិវេជ្ជសាស្ដ្រកម្ពុជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply