ម្សៅជាវត្ថុមិនអាចខ្វះបាន ក្នុងការតុបតែងខ្លួនសម្រាប់ជំនួយស្បែកមុខឱ្យមានសភាពភ្លឺរលោង សម៉ត់ មានទាំងម្សៅស្អិត និងម្សៅផាត់។ ផ្ទៃមុខដ៏មានមន្ដស្នេហ៍ គឺត្រូវការម្សៅប្រភេទណាដែលមានគុណភាពល្អ មិនមែនអាចប្រើផលិតផលនេះ ឬផលិត ផលនោះបានឡើយ។ ព្រោះសាច់មុខទន់ហើយស្ដើង កាលណាប្រើម្សៅខុសធ្វើឱ្យប្រតិកម្មស្បែកមុខ។ ប្រតិកម្មស្បែកមុខអាចបង្កជា គ្រាប់មុនស្បែកមុខជ្រួញ ស្បែកមុខស្ងួត ឬស្បែកមុខខ្លាញ់ រហូតបណ្ដាលឱ្យស្បែកមុខជាំជាដើម។
![របៀបជ្រើសរើសម្សៅ](http://www.healthcambodia.com/wp-content/uploads/2012/06/២-រើសម្សៅ.jpg)
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកស្រី ច័ន្ទ ស្រីណុច ដែលជាម្ចាស់ហាងកែសម្ផស្សមីកាសា ប្រយោជន៍បកស្រាយពីការជ្រើសរើសម្សៅឱ្យកាន់តែច្បាស់ និងបំពេញនូវតម្រូវការជូនលោកស្រីអ្នកនាងកញ្ញា។
របៀបជ្រើសរើសម្សៅដ៏ត្រឹមត្រូវ
ស្បែកមុខមានច្រើនសណ្ឋាន មិត្ដនារីខ្លះមានស្បែកមុខស្អាត អ្នកខ្លះមានបញ្ហាស្បែកមុខខ្លាញ់ អ្នកខ្លះទៀតមានបញ្ហាស្បែក មុខស្ងួតពេក។ ដើម្បីជ្រើសរើសម្សៅផាត់លើស្បែកមុខឱ្យបានត្រឹមត្រូវ មិត្ដនារីទាំងឡាយគួរអនុវត្ដតាមប្រការដូចខាងក្រោម ៖
- ស្បែកមុខធម្មតា ៖ ស្បែកមុខប្រភេទនេះ ចង់សំដៅលើផ្ទៃមុខស្រស់ស្អាតទន់រលោង គ្មានជាតិខ្លាញ់ ឬសំណើមលើផ្ទៃមុខ ជាប្រភេទស្បែកស្រួលផាត់មុខ ធ្វើឱ្យសាច់មុខម៉ត់រលោង ដោយមិនចាំបាច់ប្រើផលិតផលជំនួយ ដូចជាឡេ ឬម្សៅស្អិតទេ។
- ស្បែកមុខខ្លាញ់ ៖ ស្បែកមុខដែលមានសំណើម(ខ្លាញ់)អាចបង្កជាមុនតូចៗនៅលើស្បែកមុខ ឬហៅម្យ៉ាងទៀតថាមុន អង្កាម។ ចំពោះស្បែកមុខខ្លាញ់ លោកអ្នកគួរប្រើឡេឬក្រែមស្ងួតយកមកលាប ដើម្បីបំបាត់ជាតិញើសនៅលើផ្ទៃមុខ។ ម្យ៉ាងទៀត អាចយកជាម្សៅស្អិតមកលាបជំនួសឡេក៏បានដែរ។ បន្ទាប់មកសូមលោកស្រីអ្នកនាងកញ្ញាយកម្សៅផាត់មកផាត់ពីលើទៅតាម សេចក្ដីត្រូវការ។
- ស្បែកមុខស្ងួត ៖ គួរជ្រើសរើសប្រើជាឡេជំនួយស្បែកមុខឱ្យមានសំណើម ដើម្បីងាយស្រួលក្នុងការផាត់មុខ។ មិនតែ ប៉ុណ្ណោះ បើសិនជាចង់ប្រើជាម្សៅស្អិតជំនួសឡេវិញក៏បានដែរ តាមចំណង់ចំណូលចិត្ដ។
ប្រការគួរប្រតិបត្ដិ
បើលោកស្រីអ្នកនាងកញ្ញាមិនមានការប៉ិនប្រសព្វក្នុងការជ្រើសរើសម្សៅ សុភាពនារីអាចទៅពិភាក្សាជាមួយអ្នកជំនាញ ខាងកែសម្ផស្ស ឬសើស្បែក។ ផ្ទៃមុខមិនអាចយកអ្វីមកជំនួសបានឡើយ ព្រោះស្បែកមុខជាស្បែកដ៏ស្ដើងបំផុត បើមានប្រតិកម្មនោះ ពិបាកក្នុងការកែលម្អណាស់។ សូមសុភាពស្ដ្រីទាំងអស់ដែលមានផ្ទៃមុខធម្មតា ផ្ទៃមុខស្ងួត ឬផ្ទៃមុខខ្លាញ់ត្រូវជ្រើសរើសពណ៌ម្សៅ និងប្រភេទម្សៅឱ្យមានពណ៌ក្រមៅជាងផ្ទៃមុខទើបប្រសើរ។
ដំបូន្មានអ្នកប្រឹក្សា
មិត្ដនារីទាំងឡាយមុននឹងជ្រើសរើសម្សៅ គប្បីត្រូវយល់ដឹងអំពីប្រភេទនៃស្បែកមុខជាមុនសិន ទើបមិនធ្វើឱ្យលោកស្រី អ្នកនាងកញ្ញាក្លាយជាវត្ថុចម្លែកសម្រាប់ភ្នែកអ្នកទាំងឡាយ។ ចំពោះការប្រើ មិត្ដនារីមិនអាចយកម្សៅដែលគ្មានគុណភាពត្រឹមត្រូវ មកលាបបានទេ ហើយចំពោះការលាបក៏មិនអាចចេះតែលាបបានដែរ។ បើមិនច្បាស់ សូមរកជំនួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply