ករុណា ពេជ្រ កាន់​តែ​មមា​ញឹក​កាន់​តែ​សង្ហា

ចាប់​តាំង​ពីបាន​ចូល​ច្រៀង​នៅក្នុង​ផលិត​កម្ម ក្លាស៊ិក រហូត​មក​ដល់​ពេល​នេះ​កម្លោះ​សង្ហា ករុណា ពេជ្រ ដែល​​មាន រហស្ស​នាម​ថា​ជា​តារា​បេះដូង​ទទេ​ស្អាត​នោះ បាន​កសាង​កេរ្ដិ៍​ឈ្មោះ​ជាបន្ដ​បន្ទាប់។ ក្រោយ​ពីបាន​បង្ហើរ​សម្លេង​តាម​រយៈប​ទ Beautiful girl​ប្រជា​ប្រិយ​ភាព​របស់​លោក​កាន់តែ​ទទួល​បាន​ការគាំ​ទ្រ​យ៉ាង​ច្រើនពី​សំណាក់​ទស្សនិក​ជន ដែលជា​ហេតុ​ធ្វើឱ្យ​លោក មាន​ភាព​មមាញឹក​ជាមួយ​ការងារ​ផ្នែក​សិល្បៈ។ ប៉ុន្ដែ​ទោះបី​ជា​រវល់​ខ្លាំង​យ៉ាង​ណា ក៏​ករុណា ពេជ្រ​មិន​ដែល​ធ្វេស​ប្រហែស​ពី ការថែ​រក្សា​សុខ​ភាព និង​សម្រស់​របស់​លោក​ដែរ។ ចង់ដឹង​ទេ​ថា​តើតារា​ចម្រៀង​ស្រស់​សង្ហា​ចង្កា​ព្រែក​រូប​នេះ មាន​វិធី​សាស្ដ្រ​យ៉ាង​ណា ទើប​ធ្វើឱ្យ​លោក​មាន​សុខ​ភាពល្អ និង​សម្រស់​ស្អាត​ដូច​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​ជ្រាប​ច្បាស់ តារា​ចម្រៀង​បេះដូង​ទទេ​ស្អាត​រូប​នេះ បាន​ចេញ​មកធ្វើ​ការ​បក​ស្រាយ និង​ផ្ដល់​នូវ​វិធី​សាស្ដ្រ​ខ្លះ​ដល់​ប្រិយ​មិត្ដ​អ្នក​អាន​របស់​ទស្សនា​វដ្ដី សុខភាពយើង ដើម្បី​ជា​ជម្រើស​ក្នុង​ការ​ថែរក្សា​សុខ​ភាព និង​សម្រស់។

ប្រវត្ដិ​មុន​ចូល​សិល្បៈ

ក្នុង​ពេល​ធ្វើការ​បក​ស្រាយ និង​ទម្លាយ​ចេញ​នូវ​អាថ៌​កំបាំង​នៃការ​ថែ​រក្សា​សម្ផស្ស លោក ករុណា ពេជ្រ បាន​រៀប​រាប់​ប្រាប់​ឱ្យ ដឹង​ថា ៖​មុន​ឈាន​ចូល​ប្រឡូក​នៅក្នុង​ពិភព​សិល្បៈ លោក​ធ្លាប់​បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ទួល​ស្វាយ ព្រៃ។ ក្រោយ​មក​លោក​​បាន​ចូល​សិក្សា​នៅក្នុង​វិទ្យាល័យ​ព្រះ​យុគន្ធរ និង​បាន​បញ្ចប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅឆ្នាំ​១៩៩៩។ នៅ​ចុង​ឆ្នាំ១៩៩៩ ករុណា​ពេជ្រ​បាន​ធ្វើការ​បន្ដ​សិក្សា​នៅក្នុង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិ​កម្ម និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​ក្នុង ឆ្នាំ​២០០៣។ ករុណា ពេជ្រ​បាន​ចាប់​ផ្ដើម​ចូល​ប្រឡូក​នៅក្នុង​ពិភព​សិល្បៈ​ចាប់​តាំង​ពីដើម​ឆ្នាំ​២០០៤ តាម​រយៈ​ការ​ប្រឡង​ចម្រៀង Nestlé ប្រចាំ​ឆ្នាំ​២០០៤ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ផ្នែក​ចម្រៀង​ជាតិ។ ចាប់​តាំង​ពីពេល​នោះ​មក កេរ្ដិ៍​ឈ្មោះ​របស់​លោក​បាន​​សាយ​ភាយ​នៅក្នុង​ពិភព​សិល្បៈ​រហូត​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ប្រចាំ​នៅក្នុង​ផលិត​កម្ម ក្លា​ស៊ិក។

ការ​ថែ​រក្សា​សម្រស់ និង​សុខ​ភាព

បើ​ទោះបី​ជា​រូប​សម្រស់ រាងដ៏​ស្រស់​សង្ហា​របស់​តារា​ចម្រៀង និង​សម្ដែង ករុណា ពេជ្រ មាន​តាំងពី​កំណើត​បែប​ធម្ម​ជាតិ និង​ជាប់​រវល់​នៅ​ក្នុង​ពិភព​សិល្បៈ​យ៉ាង​ណាក៏​ដោយ តែ​លោក​នៅ​តែ​មិន​ភ្លេច​ពីការ​ថែ​រក្សា​សុខ​ភាព និង​សម្រស់​របស់​លោក​ដែរ។ អាថ៌​កំបាំង​នៃការ​ថែ​រក្សា​រូប​សម្រស់​ទាំង​អស់​នោះ ត្រូវ​បាន​លាត​ត្រដាង​យ៉ាង​ច្បាស់​នៅ​ក្នុង​ទំព័រ​នេះ។

  • ការថែ​រក្សា​ស្បែក​មុខ សម្ផស្ស​នៃ​ស្បែក​មុខគឺ​ជា​ចំណុច​មួយ​យ៉ាង​សំខាន់​ចំពោះ​មនុស្ស​ប្រុស​ស្រី​គ្រប់​រូប ជា​ពិសេស​ចំពោះ​អ្នក​សិល្បៈ។ រៀង​រាល់​ថ្ងៃ​ទោះ​ជា​លោក​មិន​ចូល​ចិត្ដ​ប្រើ​ម្សៅ ឬ​ឡេ​បំប៉ន​ស្បែក​មុខ​ក៏ដោយ ក៏​លោក​បាន​ប្រើ​នូវ​ផលិត​ផល​លាង​សម្អាត​ស្បែក​មុខ​រាល់​ពេល​មុន​ចូល​ដំណេក ក្រោក​ពី​ដំណេក និង​ក្រោយ​ពេល​លាប​មុខ​សម្ដែង ដើម្បី​កុំឱ្យ​មាន​ផល​អាក្រក់​ដល់​ស្បែក មុខ​របស់​លោក។
  • ការ​ថែរក្សា​ស្បែក​ដង​ខ្លួន ស្បែក​ស​រលោង​ស្អាត​គឺជា​សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​ភាគ​ច្រើន។ ដើម្បី​ថែ​រក្សា​ដង​ខ្លួន​ឱ្យ​ល្អ​ពេជ្រ​បាន​ជ្រើស​រើស​នូវ​ប្រភេទ​សាប៊ូ​ដុស​ខ្លួន ដែល​មាន​លក្ខណៈ​សម​ស្រប​ទៅ​ជាមួយ​នឹង​ស្បែក​មក​ប្រើ​នៅ​ពេល​ងូត​ទឹក។ ក្រៅ​ពីនោះ​មាន​ពេល​ខ្លះ​ពេជ្រ​ក៏នៅ​មាន​ប្រើ​ផលិត​ផល​ជំនួយ​ស្បែក​ខ្លះ ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក​មិន​ឱ្យ​ប្រេះ​ឬ​បែក​ស្រកា។
  • ការ​ថែ​រក្សា​សក់ ចំពោះ​អាជីព​ជាតារា ការ​លេង​ម៉ូដ​សក់ និង​ប្ដូរ​ពណ៌​សក់ គឺជា​រឿង​ដែល​មិន​អាច​ចៀស​ផុត។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ដែល​បណ្ដាល​ឱ្យ​សក់​ខូច លោក ករុណា ពេជ្រ បាន​ជ្រើស​រើស​នូវ​ប្រភេទ​សាប៊ូ​លាង​សម្អាត​សក់​ដែល​ត្រូវ​នឹង​សុខ​ភាព សក់​និង​ស្បែក​ក្បាល​របស់​លោក។ ម្យ៉ាង​វិញ​ទៀត លោក​អប់​បន្ទន់​សក់២​ដង​ក្នុង​មួយ​សប្ដាហ៍។
  • ការ​ថែ​រក្សា​ភ្នែក  ៖ ជាការ​ពិត​ណាស់ ក្នុង​នាម​ជាអ្នក​សិល្បៈ​គឺត្រូវ​ប្រឈម​នឹង​ពន្លឺ​ព្រះ​អាទិត្យ កម្ដៅ​ថ្ងៃ និង​ពន្លឺ​ភ្លើង​នៅពេល​ថត​សម្ដែង ឬនៅ​ពេល​ធ្វើ​ដំណើរ ជា​ពិសេស​ពេល​ថ្ងៃ​ដែល​អាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះ​ពាល់​លើ​ភ្នែក។ ហេតុ​នេះ​ហើយ ពេល​ចេញ​ដំណើរ​ទៅណា​ម្ដងៗ លោក​តែង​តែប្រើ​វ៉ែន​តាខ្មៅ​ការ​ពារ​ពន្លឺ​ព្រះអាទិត្យ ទោះបី​ជាធ្វើ​ដំណើរ​តាម​រថយន្ដ​ក៏​ដោយ។ ម្យ៉ាង​វិញ ទៀត ឆ្លៀត​ពេល​ទំនេរ​ពី​សិល្បៈ​លោក​ទៅ​ពិនិត្យ​ភ្នែក​នៅតាម​គ្លីនិក​ឯកជន និង​ប្រើ​នូវ​ទឹក​ថ្នាំ​លាង​សម្អាត​កញ្ចក់​ភ្នែក។
រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការ​ថែ​រក្សា​ធ្មេញ នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង ការ​ទំនាក់​ទំនង និង​ការ​និយាយ​ស្ដី​គឺជា​រឿង​សំខាន់។ ចំពោះ​បញ្ហា​សុខ​ភាព​មាត់​ធ្មេញ កម្លោះ​សង្ហា ករុណា ពេជ្រ តែង​តែ​យក​ចិត្ដ​ទុក​ដាក់​ថែរក្សា​សម្អាត​ជានិច្ច ដោយ​មួយ​ថ្ងៃ​លោក​ត្រូវធ្វើ​ការ​សម្អាត យ៉ាង​តិច​ចំនួន៣​ដង​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច។ លើស​ពីនោះ ជា​រៀង​រាល់២​ខែ​ម្ដង​លោក​តែង​តែ​ទៅ​ឱ្យ​ទន្ដ​ពេទ្យ​ពិនិត្យ និង​សម្អាត ម្ដង។
  • ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ ទោះ​បីជា​មាន​ភាព​មមា​ញឹក ជាប់​រវល់​ជាមួយ​ការ​ងារ​សិល្បៈ ទាំង​ការ​ហាត់​រាំ​ច្រៀង​ឬ​សម្ដែង​យ៉ាង​ណាក៏​ដោយ ក៏​កម្លោះ​សង្ហា ករុណា ពេជ្រ តែង​តែ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ជាប់​ជានិច្ច​មិន​ដែល​មាន​ខាន​ឡើយ​យ៉ាង​ហោច​ណាស់​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នៅ​ក្នុង​ពេល​ធ្វើ​លំហាត់​ប្រាណ ភាគ​ច្រើន​លោក​ចូល​ចិត្ដ​ទៅ​ហែល​ទឹក លើក​ដុំដែក ឬ​ទៅ កាច់​ក្បាល​ពោះ​ជា​ដើម ដើម្បី​បញ្ចេញ​ញើស​និង​សារ​ធាតុ​ពុល​ចេញ​ពីក្នុង​ខ្លួន។

បំណង​ថ្ងៃ​អនាគត

ក្រៅពី​មាន​អាជីព​ជា​តារា​ចម្រៀង និង​សម្ដែង ទៅ​ថ្ងៃ​អនា​គត​ករុណា ពេជ្រ​ចង់​បង្កើត​ជាក្លឹប​កម្សាន្ដ​រាត្រី​ផ្ទាល់​ខ្លួន​មួយ។

បណ្ដាំ​ផ្ដាំ​ផ្ញើ

បើ​ទោះបី​ជា​មាន​ភាព​មមា​ញឹក​ជាមួយ​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ គួរ​គប្បី​ចំណាយ​ពេល​វេលា​ខ្លះក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​បញ្ចេញ​នូវ​សារ​ធាតុ​ពុល​ចេញ​ពីក្នុង​ខ្លួន​ខ្លះ។ ការ​ខិត​ខំប្រឹង​ប្រែង​រក​បាន​ប្រាក់​ចំណូល​ចូល​ឱ្យ​បាន​ច្រើន​នោះវា​ជា​ការ​ល្អ ប៉ុន្ដែ​បើ មាន​សុខ​ភាព​ល្អ​រាង​កាយ​មាំមួន​ថែម​ទៀត​នោះវា​រឹត​តែ​ប្រសើរ។ ត្រូវ​យល់​ថា ការ​ថែ​រក្សា​លុយ​កាក់​ឱ្យ​នៅ​គង់​វង្ស​ជា​រឿង​ដែល​សំខាន់ តែ​ការ​ថែ​រក្សា​សុខ​ភាព​ឱ្យនៅ​គង់​វង្ស​វាគឺ​ជារឿង​មួយ​ដែល​មិន​អាច​ខ្វះ​បាន។

ប្រវត្ដិសង្ខេប

  • ឈ្មោះ​ពិត ម៉ុក ករុណា
  • ឈ្មោះ​ក្នុង​សិល្បៈ ករុណា ពេជ្រ
  • អាយុ ២៦​ឆ្នាំ
  • កម្ពស់ ១,៧២​ម៉ែត្រ
  • ទម្ងន់ ៦៣​គីឡូ​ក្រាម
  • អាជីព តារា​ចម្រៀង និង​សម្ដែង
  • បង​ប្អូន ២នាក់ ស្រី១​នាក់ (ករុណា ពេជ្រ ជា​កូន​ច្បង)
  • ស្ថាន​ភាពគ្រួសារ រស់​ជាមួយ​ក្រុម​គ្រួសារ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *