បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទី ឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែល គង់នៅវត្ដអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា។ យ៉ាងណាម៉ិញ ក៏នៅមានបងប្អូនមួយចំនួនមិនបានជ្រាបច្បាស់ អំពីប្រវត្ដិនៃពិធីបុណ្យភ្ជុំបិណ្ឌនេះនៅឡើយ។
![បុណ្យភ្ជុំបិណ្ឌ ៖ ពិធីសាសនាព្រះពុទ្ធ](http://www.healthcambodia.com/wp-content/uploads/2012/06/២៣-ភ្ជុំ-4-300x272.jpg)
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកតំណាលរឿងខ្លះៗ នៃប្រវត្ដិពិធីបុណ្យភ្ជុំបិណ្ឌនេះមក ជម្រាបជូន ក្រោមការបកស្រាយរបស់ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរ។
ប្រវត្ដិបុណ្យភ្ជុំបិណ្ឌ
បើតាមតម្រាចារតាមប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាល មកម្ល៉េះ។ ប៉ុន្ដែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថាបុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៤រោចជាវារកភត្ដ(ភត្ដធ្វើតាមថ្ងៃ)ជាបន្ដបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេ ធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថាពិធី បុណ្យបិណ្ឌភ្ជុំនេះឯង។
មូលហេតុដែលប្រារឰពិធីបុណ្យភ្ជុំ
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ដ ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្ដ រយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធ បរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះគឺធ្វើ ឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាម រយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយ អត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារឰនៅក្នុងរដូវវស្សា ព្រោះនៅ ក្នុងរដូវនេះ ពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សាន រដូវអាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព ដែលកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកបេតជន(ពួកប្រេត)សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើន មហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឱ្យមកស្វែងរកសាច់ ញាតិនៅតាមវត្ដអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗមកឧទ្ទិសកុសលឱ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណ និយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ដនៅតែមិនឃើញនោះ ពពួកប្រេត ទាំងអស់នោះនឹងស្រែកយំទន្ដ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ដ។ ជាពិសេសពពួកបេតជន ទាំងអស់នោះនឹងជេរ ដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
ការប្រារឰពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោចដល់ ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃនៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្ដទាំងអស់ ជាពិសេសក្រុមនីមួយៗដែល បានរៀបចំជាក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្ដាហារជា ៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតា ចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្ដបូរ។ រៀបចំរួចហើយ ត្រូវនាំគ្នា ទៅវត្ដស្ដាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លស្លុកតាមមុខម្ហូបនីមួយៗដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ ត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូលរែក ចង្ហាន់ទៅវត្ដ។
នៅក្នុងវត្ដ លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំ ពុទ្ធបរិស័ទវេរចង្ហាន់ ប្រគេនព្រះសង្ឃ វេរបាយបត្ដបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្ដានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវ រៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ដ ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុង ថ្ងៃវេនរបស់ខ្លួននោះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ(ស៊ង)ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្ដ បានចាត់ចែងនំអន្សម នំគម និងបាយបត្ដបូរឱ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃ បន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់ រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀត ក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែង លំអដោយលាបប្រេង លាបពណ៌ រលើបរលោង មានពាក់ប្រឡៅ កណ្ដឹង ត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែង ផ្សេងៗខុសពីនេះ។ ប៉ុន្ដែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្ដិចម្ដងៗ សាសនាកាន់តែកន្លងវែង ទៅ នាំឱ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply