ការបញ្ចេញពលកម្មមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សគ្រប់រូប ហើយក៏គ្មាននរណាម្នាក់គេចផុតពីការធ្វើពលកម្ម ដើម្បីទ្រទ្រង់ជីវភាពដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ពលកម្មផ្នែកខួរក្បាល និងកម្លាំងកាយ ចាំបាច់ត្រូវដើរទៅជាមួយគ្នាដោយ ខានមិនបាន។ ប៉ុន្ដែការប្រើប្រាស់កម្លាំងកាយ និងខួរក្បាលមិនស្មើគ្នាទេ ព្រោះថាលោកអ្នកដែលមានសមត្ថភាពខ្ពស់ផ្នែកចំណេះដឹង ប្រាកដជាប្រើខួរក្បាលច្រើនដើម្បីជីវភាពរស់នៅ។ ឯលោកអ្នកដែលមានសមត្ថភាពចំណេះដឹងកាន់តែទាប គេតែងធ្វើពលកម្មកម្លាំង កាយច្រើន។
លោក ទុយ ប៊ុនហឿន ប្រធានការិយាល័យកីឡាទំនើបនៃនាយកដ្ឋានអប់រំកាយ និងកីឡារបស់ក្រសួងអប់រំយុជននិងកីឡា បានបកស្រាយប្រធានបទនេះជូនប្រិយមិត្ដជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីជាពលកម្មខួរក្បាល?
ពលកម្មខួរក្បាលត្រូវបានរាប់បញ្ចូលទាំងគ្រប់ទម្រង់នៃការគិតជាប្រព័ន្ធ ដោយមានទាំងការសិក្សារៀនសូត្រ ការគិតក្នុងផ្នែក អាជីវកម្មតូចធំ ក្នុងការងារប្រចាំថ្ងៃ ក្នុងអាជីពជាគ្រូបង្រៀន គ្រូពេទ្យ ក្នុងជំនាញណាមួយជាដើម។ វាជាលក្ខណៈសកម្មលើប្រព័ន្ធ សរសៃប្រសាទ ដោយគិតពីលក្ខណៈអរូបិយឱ្យស្ដែងមកជារូបិយ តាមរយៈសកម្មភាពដើម្បីទទួលបានផលចំណេញណាមួយ ជាថវិកា ឬផលប្រយោជន៍ផ្សេងទៀត។
អ្វីជាពលកម្មកម្លាំងកាយ?
ចលនាសរីរាង្គកាយ ដូចជាលីសែង រត់ ធាក់ស៊ីក្លូ ធ្វើការងារប្រើកម្លាំងផ្សេងទៀត គឺជាពលកម្មកម្លាំងកាយ។ ក្នុងនោះមាន ទាំងការងារស្រាល និងធ្ងន់ ដែលមិនគិតពីកាលៈទេសៈដើម្បីចំណេញផ្នែកសេដ្ឋកិច្ច ឬទទួលផលប្រយោជន៍ណាមួយផ្សេងទៀត។ គ្មាន នរណាម្នាក់គេចផុតពីការបញ្ចេញពលកម្មកម្លាំងកាយឡើយ គ្រាន់តែសកម្មភាពនោះអាចជាការកំដរជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ អ្នក ប្រើកម្លាំងកាយជាត្រីមុខដើម្បីចិញ្ចឹមជីវិតច្រើនតែជាការងារធ្ងន់ៗ នឿយហត់ណាស់។
ប្រយោជន៍ខុសគ្នានៃពលកម្មខួរក្បាល និងកម្លាំងកាយ
ផលប្រយោជន៍ដែលទទួលបានពីការបញ្ចេញពលកម្មទាំងពីរប្រភេទ យើងឃើញថាមានលក្ខណៈដាច់ស្រឡះពីគ្នា។
1 . ពលកម្មខួរក្បាល ៖ ផលដែលទទួលបានមកពីការប្រើខួរក្បាលនេះមានគុណសម្បត្ដិច្រើន។ ក្នុងនោះលោកអ្នកអាចមាន ទីកន្លែងធ្វើការល្អ ធ្វើការនៅក្នុងម្លប់ ត្រជាក់ស្រួល មានកិត្ដិយស ទទួលបានប្រាក់បៀវត្សខ្ពស់ អាចក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពល ជីវិតមានឧត្ដមភាព ឬច្រើនលើសលប់ជាងនេះទៀតផង។ លទ្ធផលដែលអាចទទួលបាន គឺមិនអាចប៉ាន់ប្រមាណបាន មានវិសាលភាព ធំធេង និងអាចក្លាយជាម្ចាស់លើអ្នកប្រើកម្លាំងកាយ។ ពាក្យមួយឃ្លាក្នុងសៀវភៅស្រីហិតោបទេសរបស់ព្រះភិក្ខុប៉ាង ខាត់ សរសេរ ថា“នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថាមានកម្លាំង”។ ការសកម្មប្រើខួរក្បាលជំនាញចំទិសដៅនឹងធ្វើឱ្យបញ្ញាកាន់តែរីកលូត លាស់ និងកាន់តែជំនាញថែមឡើង ប្រៀបដូចជាការដុសខាត់ ការសំលៀងជារៀងរាល់ថ្ងៃដូច្នោះដែរ។
2 . ពលកម្មកម្លាំងកាយ ៖ បើសិនជាលោកអ្នកដែលប្រើកម្លាំងកាយជាត្រីមុខដើម្បីជីវភាព និងជីវិត ផលប្រយោជន៍ដែលនឹង ទទួលបាន គឺអាស្រ័យទៅលើកម្រិតនៃទង្វើ និងការបញ្ចេញពលកម្មនោះ។ លោកអ្នកអាចមានសុខភាពល្អមាំមួន ប្រសិនបើការ បំពេញការងារមានកម្រិតសមរម្យ ចេះប៉ាន់ប្រមាណតាមកម្លាំងដែលមាន។ ការបញ្ចេញពលកម្មកម្លាំងកាយរួមនឹងពលកម្មបញ្ញា ផ្សំ ជាមួយបច្ចេកទេសម៉ាស៊ីនផងនោះ ទើបជីវភាពអាចប្រសើរជាងការធ្វើពលកម្មកម្លាំងកាយសុទ្ធសាត។ ពលកម្មកម្លាំងកាយបន្ទាប់ បន្សំក្នុងជីវភាព ដូចជាកាប់ដីដាំដំណាំផ្សេងៗ ធ្វើការងារប្រចាំថ្ងៃក្នុងផ្ទះ លោកអ្នកអាចទទួលផលបានក្នុងពេលយូរនៅថ្ងៃខាងមុខ។ សរុបមកការបញ្ចេញពលកម្មកម្លាំងកាយ គឺអាចទទួលបានផលចំណេញតិចតួចណាស់។
ផលប៉ះពាល់នៃពលកម្មខួរក្បាល និងកម្លាំងកាយ
ផលប៉ះពាល់ដែលអាចកើតឡើងមានលក្ខណៈខុសគ្នាទាំងស្រុង។
1 . ពលកម្មខួរក្បាល ៖ ការប្រើប្រាស់ខួរក្បាលក្នុងការគិតវិភាគ ក៏ត្រូវការថាមពលពីរបបអាហារដែរ។ ដូច្នេះប្រើខួរក្បាល ក្នុងការគិតគឺត្រូវតែមានដែនការកំណត់ដែរ។ បើមិនដូច្នោះប្រសិទ្ធភាពការងារនឹងធ្លាក់ចុះគុណភាពជាមិនខាន។ ធម្មតាអ្នករៀនសូត្រ បានខ្ពង់ខ្ពស់គេតែងតែចេះបែងចែកពេលវេលាប្រើខួរក្បាល។ ក្នុងករណីប្រើប្រាស់ខួរក្បាលហួសពីសមត្ថភាពរបស់វា ឬពុំបានបែងចែក ពេលវេលា មានផែនការឱ្យបានច្បាស់លាស់ លោកអ្នកក៏ប្រឈមនឹងបញ្ហាចោទដែរ។ ក្នុងនោះអាចមានជម្ងឺក្នុងខួរក្បាល ឈឺក្បាល ញឹកញាប់ ផ្លូវចិត្ដមានការតានតឹងឬស្ដ្រេស ងាយមានជម្ងឺបេះដូងជាដើម។ ការប្រើខួរក្បាលអាចស្រកស្រុតទាំងកម្លាំងកាយ ហើយ ពេលសម្រាកក៏នៅតែគិត រហូតធ្វើឱ្យប៉ះពាល់ដល់ដំណេក ឬពេលគេងក៏អាចយល់សប្ដិបំពេញការងារដែលមិនទាន់រួចរាល់។ មាន លោកអ្នកមួយចំនួយបង្ខំចិត្ដប្រើថ្នាំងងុយដេក ដើម្បីដោះស្រាយគេងមិនលក់។
2 . ពលកម្មកម្លាំងកាយ ៖ ការចំណាយកម្លាំងធ្វើពលកម្មគឺត្រូវតែមានតុល្យភាពនឹងថាមពលដែលមាននៅក្នុងខ្លួន។ បើមិន ដូច្នោះទេលោកអ្នកនឹងប្រឈមជាមួយការបាក់កម្លាំង បាត់បង់រូបឆោម ភាពទ្រុឌទ្រោមលឿនជាងវ័យ និងប្រឈមជាមួយគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ។ ការប្រើប្រាស់នូវថាមភាពដ៏លើសលប់នេះ គេអាចទទួលបាននូវផលចំណូលត្រឹមតែតិចតួចប៉ុណ្ណោះ បើធៀបនឹងអ្នកប្រើពលកម្មខួរក្បាល ដែលតែងមានអំណាចគ្រប់គ្រង។ បំពេញការងារដូចម៉ាស៊ីនដែលគេបញ្ជា តែពុំបានពង្រីក សេដ្ឋកិច្ចគ្រួសារឱ្យល្អប្រសើរបាន ភាពថ្លៃថ្នូរក៏ពុំសូវមាន។ ក្នុងសៀវភៅស្រីហិតោបទេសរបស់ព្រះភិក្ខុប៉ាង ខាត់ សរសេរទុកថា“បុរស ខ្សត់ទ្រព្យ បើទុកជាប្រព្រឹត្ដតាមគន្លងធម៌នៃត្រកូលក៏មិនជាទីសេពគប់នៃជនដទៃទេ សូម្បីប្រពន្ធខ្លួនក៏លះបង់ដែរ”។
ប្រការគួរប្រតិបត្ដិ
មិនថាការប្រើកម្លាំងកាយ ឬប្រើខួរក្បាលដើម្បីរកចំណូលនោះទេ កត្ដាចាំបាច់គឺលោកអ្នកគប្បីមានពេលវេលាឈប់សម្រាក លំហែ មានកម្មវិធីធ្វើការងារសមស្របចេះប្រយ័ត្នប្រយែងក្នុងការងារត្រូវគិតពីសុវត្ថិភាពសុខភាពជាអាទិភាពព្រោះថាសុខភាពសំខាន់ណាស់សម្រាប់សុភមង្គលក្នុងជីវិត ពោលគឺគួរមានវិធីកាត់បន្ថយភាពស្មុគស្មាញ ឬដោយការលេងកីឡា ហាត់ប្រាណជាដើម។
ការប្រើប្រាស់ពលកម្មខួរក្បាលពិបាកជាងពលកម្មកម្លាំងកាយ ព្រោះការប្រើប្រាស់សុពលភាពខួរក្បាលទៅបាន គឺត្រូវសន្សំ ចំណេះដឹងតាមរយៈការសិក្សា និងបទពិសោធយ៉ាងយូរ។ អ្នកប្រើខួរក្បាលពោរពេញទៅដោយភាពស្មុគស្មាញ ប្រឈមនឹងជម្ងឺធ្ងន់ធ្ងរ ជាងអ្នកប្រើកម្លាំងកាយ។ តែពិតជាងាយទទួលបានផលប្រយោជន៍ និងអាចមានគុណសម្បត្ដិធំធេងទៀតជាង។ ការបញ្ចេញពលកម្ម កម្លាំងកាយហត់មែន តែមិនស្មុគស្មាញ ក្រោយពេលសម្រាក បរិភោគក៏ធម្មតាវិញ។ ប៉ុន្ដែទ្រព្យធនទាំងឡាយ និងឧត្ដមភាព ជាវាសនារបស់បញ្ញាជនអ្នកប្រើពលកម្មខួរក្បាលទៅវិញទេ។
ដំបូន្មានអ្នកផ្ដល់ប្រឹក្សា
កម្លាំងកាយ និងកម្លាំងខួរក្បាលគឺពិតជាដៃគូរវាងគ្នាមិនអាចខ្វះបាន។ ខួរក្បាលដ៏ឈ្លាសវៃត្រូវតែពឹងកម្លាំងកាយ មាន កម្លាំងកាយឥតកម្លាំងខួរក្បាលក៏ឥតប្រយោជន៍។ ដូច្នេះដើម្បីដឹកនាំជីវិតឱ្យបានរុងរឿង លោកអ្នកត្រូវមានទាំងកម្លាំងខួរក្បាលជា អាវុធ មានទាំងកម្លាំងកាយមាំមួនជាអ្នកប្រើ។ ចំណី និងកម្លាំងនៃខួរក្បាលគឺវិជ្ជា និងភាពវៃឆ្លាត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply