នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១២នេះ គឺជាទិវាប្រឆាំងនឹងជម្ងឺគ្រុនឈាមអាស៊ាន ហើយនេះគឺជាពេលវេលាដែលសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ ដឹកនាំដោយប្រទេស កម្ពុជា ដែលជាប្រធាននឹងធ្វើការសន្យាជាថ្មីក្នុងការប្រយុទ្ធនឹងការកើនឡើងនូវជម្ងឺដែលចម្លង ដោយសត្វមូសនៅក្នុងតំបន់។
ជម្ងឺគ្រុនឈាមមិនគ្រាន់តែប៉ះពាល់ដល់កុមារដែលឈឺនោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ ទៅលើសមាជិកគ្រួសារដទៃទៀត ដែលជួយផ្តល់ការថែទាំដល់អ្នកជម្ងឺនោះ។ បន្ថែមពីលើនេះ អំឡុងពេលនៃជម្ងឺគ្រុនឈាមដែលមានរយៈពេលជាមធ្យមតិចជាងមួយសប្តាហ៍ បណ្តាលឲ្យសមាជិកគ្រួសារបាត់បង់កម្រៃ ដែលបានមកពីការងារមួយថ្ងៃទ្វេជាពីរ នៅពេលដែលពួកគេស្នាក់នៅជាមួយអ្នកជម្ងឺសម្រាកពេទ្យពេញម៉ោង និងនៅមើលថែទាំអ្នកជម្ងឺនៅផ្ទះទម្រាំជាសះស្បើយ។ គ្រួសារក្រីក្រជាច្រើន នឹងទទួលរងនូវបន្ទុក នៃការចំណាយលុយដ៏ច្រើនអស់ពីហោប៉ៅ ទៅលើការព្យាបាល និងការចំណាយផ្សេងទៀត រួមជាមួយនឹងការបាត់បង់ប្រាក់ចំណូលនៅថ្ងៃដែលខ្លួនមិនបានធ្វើការ។ ដើម្បីទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុទាំងនេះ វាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលថា គ្រួសារទាំងនេះភាគច្រើនត្រូវទៅខ្ចីលុយគេ ឬលក់ទ្រព្យធនដែលខ្លួនមាន។
នៅក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ វិធីសាស្ត្រពីលើចុះក្រោម ដែលពឹងផ្អែកលើថ្នាំសម្លាប់សត្វល្អិត បានទទួលបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺគ្រុនឈាម។ ក្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជម្ងឺគ្រុនឈាម ការទាមទាររបស់សាធារណជនឲ្យមានការចាត់វិធានការ ជាញឹកញាប់ឈានទៅរកការបាញ់ថ្នាំសម្លាប់សត្វល្អិត។ ទោះបីជាយ៉ាងណា ការធ្វើនេះ មិនទំនងជាមានប្រសិទ្ធភាពនោះទេ ដោយសារថ្នាំសម្លាប់សត្វល្អិត ដែលគេចាញ់តាមផ្លូវ មិនទំនងជាទៅដល់មូសពេញវ័យដែលរស់នៅ និងចិញ្ចឹមជីវិតនៅក្នុងផ្ទះនោះឡើយ។ យើងមិនមានឱសថជាក់លាក់ណាមួយ សម្រាប់ព្យាបាលជម្ងឺគ្រុនឈាមនោះឡើយ។ ការធ្វើអន្តរាគមន៍ ដែលប្រសើរបំផុត គឺការចាក់វ៉ាក់សាំងបង្ការ ប្រសិនបើមាននោះ។ ជាអកុសល ការបង្កើតថ្នាំវ៉ាក់សាំង មានភាពស្មុគស្មាញ ទោះបីជាគេកំពុងស្រាវជ្រាវវាក្តី ពីព្រោះថ្នាំវ៉ាក់សាំងចាំបាច់ ត្រូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសគ្រុនឈាមទាំងបួនប្រភេទ។ ក្នុងពេលដែលគ្មានថ្នាំវ៉ាក់សាំង និងការព្យាបាលដែលជាក់លាក់ ការបង្ការគឺជាគន្លឹះ។ យុទ្ធសាស្ត្របង្ការនានា ទាមទារឲ្យមានការចូលរួមពីសហគមន៍ដែលគាំទ្រដោយហេដា្ឋរចនាសម្ព័ន្ធមូលដ្ឋាន ហើយត្រូវតែឈានទៅរកការអនុវត្តជានិរន្តរភាពដែលបំផុសឲ្យសមាជិកសហគមន៍ចូលរួមក្នុងវិធានការគ្រប់គ្រងជម្ងឺគ្រុនឈាម។ អាស្រ័យដោយជម្រកក្នុងស្រុក និងឥរិយាបថនៃមូសខ្លា វិធានការបង្ការភាគច្រើនដែលលើកទឹកចិត្តឲ្យសមាជិកសហគមន៍ចូលរួម មានលក្ខណៈត្រង់ៗ ពោលគឺការរក្សាទឹកឲ្យមានសុវត្ថិភាព ទាំងក្នុងផ្ទះ និងក្រៅផ្ទះដើម្បីទប់ស្កាត់កុំឲ្យមានការបង្កកូន ធានាថាមិនមានទឹកដក់ និងការចោលសម្រាមរឹងដោយប្រុងប្រយ័ត្ន។ ការសិក្សាផ្សេងៗ បានបង្ហាញថា ពាងទឹកគឺជាជម្រកដង្កូវទឹកមូសខ្លាជាង ៨០ភាគរយ។ ការធ្វើអន្តរាគមន៍ក្នុងសហគមន៍ក្នុងការគ្រប់គ្រងជម្ងឺគ្រុនឈាមដែលមានតម្លៃទាបមួយនោះ គឺការចែកចាយ ត្រីប្រាំពីរពណ៌ដែលស៊ីដង្កូវទឹកនៅតាមផ្ទះ ដើម្បីឲ្យគេយកទៅព្រលែងក្នុងពាងទឹកទាំងនោះ។ គេកំពុងអនុវត្តវិធានការនេះប្រកបដោយជោគជ័យនៅខេត្តកំពង់ស្ពឺប្រទេសកម្ពុជា ដោយប្រើប្រាស់ គំរូធ្វើការតាមសហគមន៍ រួមមានការប្រជុំតាមភូមិ ការអប់រំ និងការជ្រើសរើសអ្នកស្ម័គ្រចិត្តមិនយកកម្រៃ ក្នុងការចិញ្ចឹម និងចែកចាយត្រីប្រាំពីរពណ៌។ ដោយសារជោគជ័យនេះ កម្មវិធីជាតិគ្រប់គ្រងជម្ងឺគ្រុនឈាម មានផែនការបង្កើនការធ្វើអន្តរាគមន៍នេះទៅខេត្តដទៃទៀត ដោយការព្រលែងត្រីប្រាំពីរពណ៌ក្នុងពាងទឹក។ ក្នុងខណៈដែលថ្នាំអាបេតត្រូវបានគេប្រើប្រាស់តាំងពីឆ្នាំ ២០០១ ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយករណីនៃជម្ងឺគ្រុនឈាម ទោះបីជាយ៉ាងណាគេមើលឃើញថា វាជាវិធានការបណ្តោះអាសន្ន អាស្រ័យដោយថាវាត្រូវចំណាយខ្ពស់ ការពឹងផ្អែកលើការគាំទ្ររបស់ម្ចាស់ជំនួយ ការចូលរួមពីសហគមន៍ និងលទ្ធភាពដែលអាចបង្កឲ្យមានភាពស៊ាំចំពោះថ្នាំសម្លាប់សត្វល្អិត។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនឈាម រាល់បណ្តាប្រទេស ដែលមានការរីករាលដាលនៃជម្ងឺគ្រុនឈាមគួរតែប្រមូលទិន្នន័យជាប្រព័ន្ធ តាមរយៈការបង្កើតប្រព័ន្ធតាមដានជម្ងឺគ្រុនឈាម ហើយប្រព័ន្ធនីមួយៗ គួរមានយន្តការធានានូវគុណភាព។ តួនាទីស្នូលនៃប្រព័ន្ធតាមដាន ដែលទូលំទូលាយ រួមមាន ការតាមដាន ការរាយការណ៍ ការស៊ើបអង្កេត ការបញ្ជាក់ ការវិភាគ ការបកស្រាយ និងការឆ្លើយតប។
នៅក្នុងសមាគមអាស៊ាន មានតម្រូវការបន្ទាន់មួយ ក្នុងការបង្កើតស្តង់ដារនៃប្រព័ន្ធតាមដាន។ ស្ទើរតែគ្រប់ប្រទេសទាំងអស់ រួមបញ្ចូលករណីសង្ស័យនៃជម្ងឺគ្រុនឈាម ដោយមិនគិតពីអាយុ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ការតាមដានជម្ងឺគ្រុនឈាម ត្រូវបានគេធ្វើឡើងតែក្នុងចំណោមកុមារអាយុក្រោម ១៥ ឆ្នាំ បើទោះបីជាជម្ងឺនេះ ប៉ះពាល់ដល់មនុស្សពេញវ័យក្តី។ បច្ចុប្បន្ននេះ ការធ្វើដូច្នេះ មិនមានបញ្ហា សម្រាប់ការវិភាគនៅកម្រិតទូទាំងប្រទេសនៅឡើយទេ ប៉ុន្តែវាធ្វើឲ្យការវិភាគនិងការប្រៀបធៀបអន្តរប្រទេសតាមតំបន់និងសកល មានការពិបាក។ ជម្ងឺគ្រុនឈាម មិនគ្រាន់តែជាបញ្ហាបន្ទាន់ផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាបន្ទុកសេដ្ឋកិច្ច និងសង្គមដ៏ធ្ងន់ធ្ងរ សម្រាប់អ្នកក្រីក្រ។ ប៉ុន្តែ វាអាចបង្ការបាន ហើយការប្រយុទ្ធប្រឆាំងនឹងវា ទាមទារឲ្យមានការសហការជាច្រើនផ្នែក រវាងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល និងការចូលរួមពីសហគមន៍។ សង្គ្រាមប្រឆាំងនឹងជម្ងឺគ្រុនឈាម គឺជាសង្គ្រាមរបស់ប្រជាជាតិមួយ ដែលទទួលបានជ័យជម្នះ ប្រសិនបើយើងប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ ក្នុងលក្ខណៈរួមដៃ និងសហការគ្នា និងឲ្យសហគមន៍ចូលរួមគ្រប់ដំណាក់កាលទាំងអស់។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២
Leave a Reply