លើសឈាមជាជម្ងឺមួយប្រភេទដែលបង្កគ្រោះថ្នាក់ដល់លោកអ្នកយ៉ាងច្រើនប្រការ ព្រោះវាជាជម្ងឺដ៏សាហាវមួយ។ ជម្ងឺ នេះអាចវិវឌ្ឍន៍ជាយូរ ដោយគ្មានរោគសញ្ញា។ ប៉ុន្ដែវាអាចបង្កវិបត្ដិធ្ងន់ធ្ងរជាច្រើន ដូចជាដាច់សរសៃឈាមខួរក្បាល ស្លាប់មួយ ចំហៀងខ្លួន ជម្ងឺបេះដូង ខូចតម្រង់នោមជាដើម។ ទោះបីជាលោកអ្នកមួយចំនួនបានយល់ដឹងអំពីជម្ងឺលើសឈាមនេះក្ដីក៏នៅមិនទាន់ ជ្រាបទៅលើវិធីការពារដែរ។
កាលពីលេខទី០០៣ ឆ្នាំទី០១ នៃការចេញផ្សាយរបស់ទស្សនាវដ្ដី សុខភាពយើង លោកអ្នកបានទទួលជ្រាបរួចមកហើយ អំពីជម្ងឺលើសឈាមដែលជាឃាតករសម្ងាត់នេះ។ ដោយមានការសហការពីលោកវេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធានផ្នែកជម្ងឺទូទៅ នៃមន្ទីរពេទ្យព្រះកុសមៈ យើងខ្ញុំនឹងលើកយកវិធីមួយចំនួនដើម្បីទប់ស្កាត់ជម្ងឺលើសឈាមនេះមកជម្រាបជូនលោកអ្នកអាន។
លក្ខណៈទូទៅនៃជម្ងឺលើសឈាម
គេអាចដឹងថានរណាម្នាក់មានជម្ងឺលើសឈាមបានគឺអាស្រ័យលើការវាស់សម្ពាធឈាមតែមួយមុខគត់ ព្រោះជម្ងឺនេះមិន មានរោគសញ្ញាអ្វីដែលគួរឱ្យកត់សម្គាល់ទេ។ គេចែកជម្ងឺលើសឈាមទៅតាមប្រភេទដូចខាងក្រោម ៖
1 . អ្នកដែលមានសម្ពាធឈាមធម្មតា ៖ គឺមានសម្ពាធឈាមស៊ីសស្ដូលតិចជាង១២០មីលីម៉ែត្របារត ឬសម្ពាធឈាម ឌីយ៉ាសស្ដូលតិចជាង៨០មីលីម៉ែត្របារត។
2 . អ្នកដែលមានសម្ពាធឈាមអាចមានជម្ងឺលើសឈាម ៖ គឺមានសម្ពាធឈាមស៊ីសស្ដូលចាប់ពី១២០ទៅ១៣៩ មីលីម៉ែត្របារត ឬសម្ពាធឈាមឌីយ៉ាសស្ដូល ចាប់ពី៨០ទៅ៨៩មីលីម៉ែត្របារត។
3 . អ្នកដែលមានជម្ងឺលើសឈាមកម្រិតទីមួយ ៖ គឺមានសម្ពាធឈាមស៊ីសស្ដូលចាប់ពី១៤០ទៅ១៥៩មីលីម៉ែត្របារត ឬសម្ពាធឈាមឌីយ៉ាសស្ដូល ចាប់ពី៩០ទៅ៩៩មីលីម៉ែត្របារត។
4 . អ្នកដែលមានជម្ងឺលើសឈាមកម្រិតទីពីរ ៖ គឺមានសម្ពាធឈាមស៊ីសស្ដូលច្រើនជាង១៦០មីលីម៉ែត្របារត ឬសម្ពាធឈាមឌីយ៉ាសស្ដូលច្រើនជាង១០០មីលីម៉ែត្របារត។
សម្ពាធឈាមនេះអាចប្រែប្រួលទៅតាមវ័យ មានន័យថាកាន់តែចាស់ សម្ពាធឈាមធម្មតាកាន់តែខ្ពស់។ ចាប់ពីអាយុ៦០ ប្លាយទៅសម្ពាធឈាមអតិបរមាអាចឡើងដល់ទៅ១៥០ ឬ១៦០។ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ សម្ពាធឈាមអតិបរមាធម្មតាអាច ឡើងដល់១៧០។
បើទោះបីជាមនុស្សភាគច្រើនកើតជម្ងឺលើសឈាមដោយមិនដឹងខ្លួនជាច្រើនឆ្នាំ ព្រោះមិនមានសញ្ញាបញ្ជាក់ឱ្យច្បាស់លាស់ ក៏ដោយ ក៏លោកអ្នកចំណាំបានខ្លះៗដែរ គួរឱ្យចាប់អារម្មណ៍។ មានរោគសញ្ញាស្ដែងឡើងខ្លះៗ ដូចជាឈឺក្បាលនៅពេលយប់ ឬពេល ងើបពីទទួលដំណេកពេលព្រលឹម ស្រវាំងភ្នែក ហ៊ឹងនៅត្រចៀក អស់កម្លាំងគ្មានហេតុផល វិលមុខ វង្វេងវង្វាន់ជាដើម។ ជួនកាល រោគសញ្ញាអាសន្នដំបូងមានឈាមច្រមុះ ឬបែកសរសៃឈាមក្នុងភ្នែក។
ជម្ងឺលើសឈាមដែលមិនបានធ្វើរោគវិនិច្ឆ័យ ឬមិនបានទទួលការព្យាបាល អាចបង្កជាវិបត្ដិធ្ងន់ធ្ងរជាច្រើន ដូចជាជម្ងឺ ខ្សោយបេះដូង ជម្ងឺខ្សោយតម្រង់នោម ដាច់សរសៃឈាមក្នុងខួរក្បាល ហូរឈាមក្នុងខួរក្បាលជាដើម។
អ្នកដែលប្រឈមមុខនឹងជម្ងឺលើសឈាម
ជាទូទៅជម្ងឺលើសឈាមអាចកើតមានលើមនុស្សគ្រប់វ័យទាំងអស់។ មនុស្សធម្មតាមាន១០ភាគរយអាចកើតជម្ងឺលើស ឈាម ប៉ុន្ដែសម្រាប់លោកអ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ មានការប្រឈមមុខនឹងជម្ងឺលើសឈាមចាប់ពី៥០ភាគរយ ឡើងទៅ។ បើទោះបីជាមកដល់ពេលនេះមិនទាន់មានការបញ្ជាក់អំពីមូលហេតុដែលនាំឱ្យកើតជម្ងឺលើសឈាមនេះក៏ដោយ ក៏មានការ សង្កេតជាទូទៅមួយបានឱ្យដឹងថា អ្នកដែលប្រឈមមុខនឹងជម្ងឺលើសឈាមនោះមានកត្ដាមួយចំនួន។
- ជាអ្នកដែលរាងកាយធាត់ មានដុះក្បាលពោះ
- ជាអ្នកដែលទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនរយៈពេលច្រើនឆ្នាំ
- ជាអ្នកមានចំណូលចិត្ដទទួលទានអាហារដែលមានជាតិប្រៃ ដូចជាផ្អក ប្រហុក ត្រីងៀតជាដើម
- ជាអ្នកដែលមានសកម្មភាពផ្លូវកាយតិច មិនមានការហាត់ប្រាណ ជាពិសេសអ្នកដែលរស់នៅទីក្រុង
- អ្នកដែលមិនចូលចិត្ដទទួលទានបន្លែ បរិភោគសាច់សត្វច្រើន
- អ្នកដែលមានកង្វះសារជាតិប៉ូតាស្យូម។
វិធីទប់ស្កាត់ជម្ងឺលើសឈាម
មិនមែនជារឿងងាយស្រួលប៉ុន្មានទេក្នុងការទប់ស្កាត់ជម្ងឺលើសឈាម ដោយសារតែមូលហេតុបង្កមួយចំនួន ដូចជាជម្ងឺ លើសឈាមដែលបង្កមកពីជម្ងឺផ្សេងៗជាដើម។
- ជម្ងឺតម្រង់នោម(ស្ទះសរសៃឈាមអាកទែរតម្រង់នោម ឬជម្ងឺតម្រង់នោមដទៃទៀត)
- ជម្ងឺក្រពេញបញ្ចេញអ័រម៉ូន ដូចជាក្រពេញលើតម្រង់នោម ក្រពេញទីរ៉ូអ៊ីដជាដើម
ក្រៅពីនេះបញ្ហាអាយុកាលក៏មិនអាចទប់ស្កាត់បានដែរ ព្រោះមនុស្សយើងនៅពេលមានវ័យកាន់តែចាស់ ជម្ងឺលើសឈាម កាន់តែខិតមករក ដោយសារនៅពេលមានអាយុច្រើនសរីរាង្គមួយចំនួនរបស់លោកអ្នកមានបញ្ហាជម្ងឺផ្សេងៗ ដូចជាជម្ងឺបេះដូង ទឹក នោមផ្អែម ខ្លាញ់ក្នុងសរសៃឈាមជាដើម។
ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកព្យាយាមតាមដានសុខភាពខ្លួនឯងជាប្រចាំ និងគិតគូរដល់សុខភាពឱ្យបាន ច្រើននោះ លោកអ្នកអាចគេចផុត ឬក៏កាត់បន្ថយអត្រាប្រឈមមុខនឹងជម្ងឺលើសឈាមនេះ។ វិធីងាយស្រួលមួយចំនួនអាចជួយ លោកអ្នកបាន ដោយជាដំបូងលោកអ្នកត្រូវផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់លោកអ្នក។
- លោកអ្នកត្រូវរក្សាទម្ងន់នៃរាងកាយ ដោយព្យាយាមមិនឱ្យឈានទៅរកការធាត់ ហើយមានដុះក្បាលពោះនោះទេ
- កាត់បន្ថយការទទួលទានគ្រឿងស្រវឹងឱ្យនៅតិចបំផុត
- ផ្លាស់ប្ដូរចំណូលចិត្ដទទួលទានអាហារដែលមានជាតិប្រៃមកជាការទទួលទានអាហារដែលមានរសជាតិបែបសាបវិញ
- ព្យាយាមហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យរាងកាយកាយបានបញ្ចេញជាតិពុលផ្សេងៗតាមរយៈញើស
- សូមទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនជាងសាច់
- តាមដានសារជាតិប៉ូតាស្យូមនៅក្នុងរាងកាយ ដើម្បីឱ្យដឹងពីភាពខ្វះខាតរបស់វា
- តាមដានសុខភាពជាប្រចាំ ជាពិសេសសម្រាប់លោកអ្នកដែលមានឪពុកម្ដាយមានជម្ងឺលើសឈាម ព្រោះតាមការសិក្សា បានបង្ហាញឱ្យឃើញថា ប្រសិនបើលោកអ្នកមានឪពុកម្ដាយមានជម្ងឺនោះ លោកអ្នកមានអត្រាប្រឈមមុខនឹងជម្ងឺនេះច្រើនជាងអ្នក ដែលមិនមាន។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកមិនចង់មានជម្ងឺលើសឈាមនោះទេ លោកអ្នកត្រូវតែតាមដានសុខភាពជាប្រចាំ ហើយចំពោះលោក អ្នកដែលមានជម្ងឺនេះក៏ត្រូវមានការថែរក្សាសុខភាពជាពិសេសដោយឡែកផងដែរ។ ហេតុនេះលោកអ្នកធ្វើយ៉ាងណាកុំឱ្យជម្ងឺបង្ក គ្រោះដល់លោកអ្នកបាន ព្រោះជម្ងឺនេះត្រូវបានគេចាត់ទុកថាជាឃាតករសម្ងាត់មួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
Leave a Reply