ខ្ញុំឈឺ​ចុក​ចង្កេះ

បងប្អូន​មួយ​ចំនួនធំ​មាន​អាការ​ឈឺចុក​ចាប់នៅ​ក្នុងឆ្អឹង​ខ្នងត្រង់​បរិវេណ​ចង្កេះ។ ចំណែក​អ្នកខ្លះ​ទៀត ឈឺទាំង​ចង្កេះ​ផង និង​ឈឺចាក់​ចុះមក​ជើង​ផង ហើយអ្នក​ខ្លះទៀត​រហូត​ដល់កម្រើក​ជើងមិន​បាន ដើរមិ​នបាន ឬបត់​ដៃ បត់ជើង​មិនបាន​ទៀត​ផង ដោយ មិន​ដឹងពី​មូលហេតុ​ច្បាស់​លាស់។ មូលហេតុ​ទាំងនេះ មួយ​ចំនួនធំ​គឺបណ្ដាល​មកពី​ការគាប​សរសៃ​ប្រសាទ ដែល​ចេញមក​ពីតំបន់ ឆ្អឹង​ខ្នង​របស់​មនុស្ស​យើង។ មាន​មនុស្ស​មិនតិច​ទេ ដែលមាន​អាការ​បែប​នេះ មិនថា​ជាក្មេង ឬក៏​ជាមនុស្ស​ចាស់ទេ នៅពេល​នេះ លោកអ្នក​ដឹងហើយ​ថា វាជា​ប្រភេទ​ជម្ងឺមិន​មែនជា​ការ​វិវឌ្ឍន៍​តាម​ធម្មតា​របស់​ធម្មជាតិ​ទេ។ ដូច្នេះលោ​កអ្នក​ត្រូវប្រញាប់​ធ្វើការ ព្យាបាល ដើម្បី​ចៀសវា​ងការវិវឌ្ឍ​ន៍ទៅរកស​ភាពធ្ងន់​ធ្ងរផង និងដើម្បី​បន្ថយ ឬ​បំបាត់​ការឈឺ​ចាប់ដែល​ស្ថិតនៅ​ជាមួយ និង​រំខាន​ជីវិត ប្រចាំ​ថ្ងៃរបស់​លោក​អ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាព​យើង បានធ្វើ​ការសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត វូ សុភៈរស្មី ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ នៅ មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​បកស្រាយ​នូវប្រធាន​បទខាង​លើនេះ។

តើឆ្អឹ​ងខ្នង សរសៃ​ប្រសាទ និងទ្រនាប់​ឆ្អឹងខ្នង​មានទំនាក់​ទំនង​នឹងគ្នា​អ្វីខ្លះ?

ឆ្អឹងខ្នង​ជាសសរ​ដ៏រឹងមាំ​មួយស​ម្រាប់ទ្រទម្ង​ន់ខ្លួនរបស់​មនុស្ស​យើង។ ជាទូទៅ​មនុស្ស​យើងម្នាក់ៗ​មានឆ្អឹង​កងទាំង​អស់ ចំនួន​៣៣កង់ ដែល​តម្រៀប​លើគ្នា​ពីមួយ​ទៅមួយ។ ហើយ​គេចែក​ចេញជា​ឆ្អឹងកង​កមានចំនួ​ន៧ ឆ្អឹងកង​ខ្នងមាន​ចំនួ​ន១២ ឆ្អឹងកង ចង្កេះមានចំនួន​៥ ឆ្អឹងកង​ផាលខាង​ក្រោយ មាន​ចំនួន​៥រលាយ​ជាប់គ្នា និងឆ្អឹង​កងកញ្ចូញ​គូទពី​៣-៥រលាយ​ជាប់គ្នា​ដែរ។ ឆ្អឹងកង នីមួយ​ៗដែលបន្ដាក់​លើគ្នា​នេះ មិនបាន​ជាប់គ្នា​ផ្ទាល់រវាង​ឆ្អឹង កង​ខាងលើ ឬខាង​ក្រោមទេ គឺវា​មានទ្រនាប់​ឆ្អឹងកង​ស្ថិតនៅ​ចន្លោះ​ឆ្អឹងកង នីមួយ​ៗ។ ទ្រនាប់​ឆ្អឹងកង​នេះមាន​ភាពធន់ និងមាំ​មួនខ្លាំង​ណាស់ ហើយវា​មានតួនាទី​សំខាន់​សម្រាប់​ឱ្យឆ្អឹង​ខ្នងមាន​ចលនា ការពារ​មិន ឱ្យមានការ​កកិតរវាង​ឆ្អឹង និងឆ្អឹងផ​ងដែរ។ ហេតុ​ដូច្នេះហើ​យ ទើបយើង​អាចធ្វើ​ចលនាដង​ខ្លួនបាន ដូចជា​ឱនទៅ​មុខ ទៅ​ចំហៀង ជាដើម។ ឆ្អឹងកង​ទាំងអស់​សុទ្ធតែ​មានប្រហោង​នៅក​ណ្ដាល និងនៅ​ចំហៀងស​ងខាង ពេលដែល​ឆ្អឹងកង​ទាំងអស់​បន្ដុបពី​លើបន្ដ​គ្នា ប្រហោង​កណ្ដាលនេះ​បន្ដគ្នា​ជាប់ជា​បំពង់​មួយវែង ដែល​ហៅថា​បំពង់​ឆ្អឹងកង។ បំពង់​ឆ្អឹងកង​នេះ គឺជា​កន្លែង​សម្រាប់ផ្ទុ​កខួរឆ្អឹង​ខ្នង ដែល​បន្ដមក​ពីផ្នែក​ខួរក្បាល។ ជា​ទូទៅ ខួរឆ្អឹង​ខ្នងត្រូវ​បញ្ចប់​នៅត្រង់​ឆ្អឹងកង​ចង្កេះ​ទីមួយ ឬទី​ពីរ។ ចន្លោះ​ឆ្អឹងកង​នីមួយៗ​មាន រ​ន្ធចំហៀងៗ ដើម្បី​បន្ដទៅ​កាន់​សរីរៈ​គ្រប់កន្លែង​ក្នុងខ្លួន​មនុស្ស​យើង ដូចជា​សរីរាង្គ​ខាងក្នុង មានស្បែក សាច់ដុំ​ជាដើម។ ដូច្នេះ ពេល​ដែល​ទ្រនាប់​ឆ្អឹងកង​ប៉ោង ឬលៀន​ចេញពី​កន្លែង​ធម្មតា​របស់វា វានឹង​សង្កត់​ទៅលើ​សរសៃ​ប្រសាទ​ធំៗដែល​នៅជិត​វានោះ​ឯង។ ពេលដែល​មាន​ការគាប​សរសៃ​ប្រសាទ សរសៃ​ប្រសាទ​នោះត្រូវ​រលាក ហើយ​បង្កឱ្យ​ទៅជា​ឈឺទៅ​តាម​តំបន់ ដែល​សរសៃ​ប្រសាទ​នោះ ទៅបញ្ជា ដូច​ជាផ្នែក​ចំហៀង​នៃជើង ផ្នែកខាង​ក្រោយនៃ​ជើងឆ្វេង ឬជើង​ស្ដាំ។

ទ្រនាប់​ឆ្អឹងកង​ដែលគាប​លើសរសៃ​ប្រសាទ​អាចមាន​គ្រប់​កន្លែង ដែលមាន​ទ្រនាប់​ឆ្អឹងតាំង​ពីឆ្អឹង​កងដល់​ឆ្អឹងកង​ចង្កេះ។ ប៉ុន្ដែ​គេសង្កេត​ឃើញការ​គាបដែល​មានច្រើន​ជាងគេ​នៅត្រង់​ចន្លោះ​ឆ្អឹ​ងកង​ចង្កេះ​ទី៤-៥ និង​ទ្រនាប់​ឆ្អឹងកង​ចង្កេះចុ​ងក្រោ​យ ព្រោះ​វា ជាកន្លែង​ដែល​ទទួល​នូវ​សម្ពាធ និង​ទម្ងន់​ច្រើន​ជាង​គេ។

មូលហេតុ​ដែល​ទ្រនាប់​ឆ្អឹងលៀន​ចេញមក​សង្កត់​លើស​រសៃប្រ​សាទ

កត្ដា​សំខាន់​គឺ​បណ្ដាល​មកពី​ភាពទ្រុឌ​ទ្រោម​របស់​ទ្រនាប់​ឆ្អឹង​កង។ ភាពទ្រុឌ​ទ្រោម ឬការ​ចុះខ្សោយ​នៃទ្រនាប់​ឆ្អឹងនេះ​ទាក់ ទង​នឹងកត្ក្ដា​ពីរយ៉ាង​សំខាន់។

1 . កត្ដាទី​មួយ ៖ ភាពចាស់​របស់​ទ្រនាប់​ឆ្អឹងកង​ទៅតាម​អាយុ​កាល ដែលគេ​ច្រើនជួប​ប្រទះលើ​​មនុស្ស​ដែលមាន​អាយុ លើស​ពី៥០ឆ្នាំ​ឡើង​ទៅ។ ករណី​នេះជា​លក្ខណៈ​ធម្មជាតិ ពេលដែល​អាយុកា​ន់តែ​ច្រើន ទ្រនាប់​ឆ្អឹងកាន់​តែចាស់​ដូចគ្នា ហើយ​ភាពធន់ របស់វា​ក៏ថយ​ចុះបន្ដិច​ម្ដងៗ ទៅតាម​នោះដែរ។

2 . កត្ដាទី​ពីរ ៖ គឺ​បណ្ដាល​មកពី​ភាពទ្រុឌ​ទ្រោមនៃ​ទ្រនាប់ឆ្អឹង​កង ដោយការ​ប្រើប្រាស់​ឆ្អឹងខ្នង​មិន​សម​ស្រប មិនត្រឹ​ម​ត្រូវ ឬការ​ទ្រុឌទ្រោម​ដោយការ​ប៉ះទង្គិច​ខ្លាំង។ ធម្មតាទ្រ​នាប់ឆ្អឹង​មានសភាពមាំ​មួន និងធន់​ខ្លាំង​ណាស់។ វាមាន​ភាពធន់​ខ្លាំងទៅនឹង​ការ សង្កត់​ត្រង់ពី​លើ ប៉ុន្ដែវា​មិនធន់ខ្លាំង​ទៅនឹង​ការ​របួស ឬការ​សង្កត់ដោយ​បញ្ឆិត​នោះទេ។ ឧទាហ​រណ៍ ដូចជា​ការ​ឈោង ឬឱន​លើកយក របស់​មួយដែល​ធ្ងន់ ការ​អង្គុយ​កោងខ្នង​យូរ ការ​ស្ពាយ ឬលើក​របស់អ្វី​មួយ​ចំហៀង​ស្មាជា​ដើម។ ភាព​ទ្រុឌទ្រោម​ទាំងនេះ​កើត​ឡើង ដោយ​សន្សឹមៗ ឬអាច​កើតមាន​ឡើង​ភ្លាមៗ។

រោគ​សញ្ញានៃ​ការគាប​សរសៃ​ប្រសាទ

ចំពោះ​រោគ​សញ្ញាវិញ​នោះ មានច្រើន​ផ្សេងៗ​គ្នា ទៅតាម​ទីកន្លែង​ដែលមាន​ការគាប​សរសៃ​ប្រសាទ។ ជាឧទាហ​រណ៍ ដូចជាការ​គាបសរសៃ​ប្រសាទ​នៅត្រង់ឆ្អឹ​ងកង​ក ធ្វើឱ្យ​អ្នកជម្ងឺ​ឈឺចុក​រោយមក​ដៃឆ្វេង ឬស្ដាំ។ នៅពេល​នេះសូម​លើកយក​តែរោគ សញ្ញា​ខ្លះៗ ដែល​ពាក់ព័​ន្ធនិងការ​គាប​សរសៃ​ប្រសាទ​នៅត្រង់​ឆ្អឹងកង​ចង្កេះ។ រោគ​សញ្ញា​រួមមាន​ដូចជា ៖

  • អ្នកជម្ងឺ​ជាទូទៅ​មានអាការ​ឈឺចុក​នៅគល់​ចង្កេះ និងរឹង​ចង្កេះ
  • ឈឺចុក​កជើង​ផ្នែក​ចំហៀង ឬផ្នែក​ខាងក្រោយ​នៃភ្លៅ និងកំភួន​ជើង ឬជួន​កាលស្ពឹក​រហូតដល់​កែង​ជើង ឬម្រាម​ជើងទៀត ផង។
  • ការឈឺ​ចាប់ឆៀប​ៗដូចជា​ស្រមោច​ខាំ ស្ពឹក ឬចុក អាការ​នេះកាន់​តែខ្លាំង​ឡើងនៅ​ពេលអង្គុ​យយូរ ឬលើក​របស់​ធ្ងន់ ហើយ​ធូរស្រាល​មកវិញ​នៅពេល​ដេក​សម្រាក (បើការ​គាបធ្ងន់​ជាង​នេះ អាចឈឺ​ជាប់ជា​ប្រចាំ)។

រោគ​សញ្ញា​ប្រែប្រួល​ទៅតាម​ទីកន្លែង​ដែលគាប​សរសៃ​ប្រសាទ និងទៅ​តាម​កម្រិត​នៃការ​គាប លុះត្រា​តែអ្នក​ឯកទេស​ទើប អាច​វិភាគ​រោគសញ្ញា​ទាំងនោះ​បានច្បាស់​លាស់ និងផ្ដល់​ជាព័ត៌​មានលម្អិត​បាន។

វិធី​ព្យាបាល​គាប​សរសៃ​ប្រសាទ

ការព្យា​បាល គឺអាស្រ័យ​ទៅលើការ​ធ្វើរោគ​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់លាស់​ជាមុន​សិន។ ដើម្បី​ធ្វើរោគ​វិនិច្ឆ័យ​បាន មាន​កត្ដា​ពីរ យ៉ាង ទីមួយ គឺការ​ពិនិត្យ​ទៅលើ​អ្នក​ជម្ងឺ បូករួម​ទាំងរោគ​សញ្ញាដែល​អ្នកជម្ងឺ​ប្រាប់។ ទីពីរ គឺការ​ថតមើល​កន្លែង​ដែលមាន​ការ​គាប។ ក្នុងការ​ថតនេះ​យើងមាន​ពីរ​ប្រភេទ​ទៀតគឺ ថតបែប​ទ្រីម៉ូដង់​ស៊ីតូម៉ែត្រ​(TDM) និង​ប្រភេទ​ថតអ៊ី​អែអ៊ិម(IRM)។ ប្រភេ​ទី្រំ អាច​មានព័ត៌​មានបាន​ច្បាស់ជាង​គេទៅលើ​កន្លែង​ដែល​គាប និង​សរសៃ​ប្រសាទ​ដែល​ទទួល​ការគាប​នោះ។

ចំណែក​ឯការព្យា​បាលមាន​ពីរ​ដំណាក់​កាលគឺ ការ​ព្យាបាល​ដោយ​ថ្នាំលេប និងការ​ព្យាបា​លដោយ​វះកាត់។

1 . ដំណាក់​កាលទី​មួយ ៖ ការព្យា​បាលដោយ​ប្រើប្រាស់​ថ្នាំ បូករួម​និងវិធី​សាស្ដ្រ​ថែរក្សា​ឆ្អឹង​ខ្នង។ ការ​ព្យាបាល​បែបនេះ តម្រូវ​ឱ្យមាន​ការចូល​រួមពី​អ្នកជម្ងឺ​មួយផ្នែក​ធំក្នុង​ការថែ​រក្សាឆ្អឹង​ខ្នង ហើយមា​នរយៈពេល​យូរតែមា​នប្រសិទ្ធ​ភាពខ្ពស់ បើអ្នក​ជម្ងឺ អនុវត្ដ​បានត្រឹម​ត្រូវតាម​ការណែ​នាំរបស់​គ្រូពេទ្យ។

2 . ដំណាក់​កាលទី​ពីរ ៖ ការព្យា​បាលដោយ​ការវះ​កាត់ នៅពេល​ដែលការ​ព្យាបាល​ដោយ​វិធី​ទីមួយ​គ្មាន​ប្រសិទ្ធ​ភាព ឬដោយ​អ្នកជម្ងឺ​ទ្រាំទ្រ​នឹង​ឥទ្ធិពល​មិនល្អ​របស់​ថ្នាំមិន​បាន ឬអ្នក​ជម្ងឺមាន​លក្ខណៈ​អ្វីមួយ ដែលមិន​អាចប្រើ​ប្រាស់ប្រភេទ​ថ្នាំប្រឆាំង​ការ រលាក​នេះបាន។ ម្យ៉ាង​ទៀត ការវះ​កាត់អាច​ធ្វើទៅ​បាន​ដោយ​ករណី​បន្ទាន់​មួយ​ចំនួន ដូចជា​អ្នក​ជម្ងឺមិន​អាចកម្រើក​ជើង ឬ​ប្រអប់ ជើង​រួច ឬអ្នក​ជម្ងឺមាន​អាការ​ឈឺចាប់​ខ្លាំងមិន​អាចទ្រាំ​បាន ហើយ​មានរោគ​សញ្ញា​បត់ជើង​តូច ធំមិន​បានជា​ដើម។

ដំបូន្នាន​អ្នក​ឯក​ទេស

ប្រសិន​បើបង​ប្អូនមាន​អាការ​ណាមួយ​ដូចរៀប​រាប់ខាង​លើក្នុង​រោគ​សញ្ញា ឬមាន​ការ​សង្ស័យ ត្រូវស្វែង​រកការ​ពិគ្រោះ យោប​ល់ពីអ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់។ ចៀស​វាង​បណ្ដែត​បណ្ដោយ​ឱ្យសភាព​ជម្ងឺកាន់​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំង ព្រោះវា​អាចធ្វើ​ឱ្យ ប៉ះពាល់​ខ្លាំងដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។

បញ្ហា​សំខាន់​មួយទៀត​គឺការ​ថែរក្សា​ឆ្អឹង​ខ្នង ព្រោះវា​មាន​សារៈ​សំខាន់​បំផុត។ សូមកុំ​រង់ចាំ​រហូត​ដល់​លោកអ្នក​ក្លាយជា​អ្នក ជម្ងឺ ទើប​ទទួល​ស្គាល់​ថា សុខភាព​ល្អពិត​ជាវិសេសវិសាល​ឱ្យសោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *